យុទ្ធសាស្ត្រក្នុងការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កំពុងតែមានប្រសិទ្ធ ភាពក្រោយពេលសភាយល់ព្រមតាមសំណើពន្យារកិច្ចប្រជុំសភា រហូតដល់ពាក់កណ្តាលខែឧសភា ។ រយៈពេលជាង២ខែគឺគ្រប់គ្រាន់ដើម្បីនាយករដ្ឋមន្ត្រីថ្មីស្វែងរកការគាំទ្របន្ថែម ឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត។
នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី លោក Muhyiddin Yassin ដែលព្រះមហាក្សត្រទើបតែតែងតាំង បានសម្រេច ពន្យាកិច្ចប្រជុំសភារហូតដល់ទៅ ខែឧសភា ឆ្នាំ២០២០។ សកម្មភាពខាងលើត្រូវ បានក្រុមអ្នកប្រឆាំងចាត់ទុកថាជាសកម្មភាពដើម្បីកាន់អំណាចឲ្យបានយូ។
សកម្មភាពខាងលើរបស់លោក Muhyiddin Yassin ក្រោយពេល អតីតនាយករដ្ឋមន្ត្រី Mahathir Mohamad បានស្នើឲ្យសភា បោះឆ្នោតផ្តល់ទំនុកចិត្តជាបន្ទាន់ដល់នាយករដ្ឋមន្ត្រីថ្មី។ ការសម្រេចខាងលើ របស់នាយករដ្ឋមន្ត្រីថ្មី ជាការអូសបន្លាយពេលវេលា ហើយធ្វើឲ្យលោក Mahathir Mohamad ត្រូវរងចាំ ដល់ខែឧសភាទើបបើកកិច្ចប្រជុំ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នេះជាយុទ្ធសាស្ត្រ របស់លោក Muhyiddin Yassin ក្នុងការអូសបន្លាយពេលវេលា ដើម្បីពង្រឹងអំណាច ស្វែងរកការគាំទ្រនៅក្នុងសភាឲ្យបានច្រើនជាងមុន ពេលនោះលោកទើបសម្រេចឲ្យបើកកិច្ចប្រជុំបោះឆ្នោត ផ្តល់ទំនុកចិត្ត ។
កាលពីថ្ងៃទី៤ខែមីនា ប្រធានរដ្ឋសភា លោក Mohamad Ariff Md Yusof ទទួលបានលិខិត ពីនាយករដ្ឋមន្ត្រីថ្មី ឲ្យពន្យាកិច្ចប្រជុំ។ សភាម៉ាឡេស៊ីនឹងមានរយៈពេលប្រជុំ ១៥ថ្ងៃ គឺចន្លោះពី១៨ ខែឧសភា និងថ្ងៃទី២៣ ខែមិថុនា ខណៈកិច្ចប្រជុំលើកទី ២ នឹងត្រូវធ្វើឡើងពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ហើយកិច្ចប្រជុំលើកទី ៣ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងឆ្នាំ២០២០។
សកម្មភាពខាងលើ ធ្វើឲ្យឱកាសក្នុងការកាន់តំណែងរបស់អតីតនាយករដ្ឋមន្ត្រី Mahathir Mohamad កាន់តែបាត់បង់ទៅតាមពេលវេលាផងដែរ ៕