ខេត្តកណ្តាល៖ លោកតាអាចារ្យវត្តព្រែកស្តី២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវលេខ២១B ក៏ត្រូវរថយន្តបែនដឹកដីបើកមិនប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុកពីក្រោយពេញមួយទំហឹងដួលបោកលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា លោកតាអាចារ្យវត្តទាំង២នាក់ដែលរងរបួសធ្ងន់នោះ ទី១-ឈ្មោះ អ៊ីង លី ភេទប្រុស អាយុ៧២ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) មានទីលំនៅក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ទី២-ឈ្មោះ ទូច ផន ភេទប្រុស អាយុ៧៣ឆ្នាំ (ជាអ្នករួមដំណើរ) មានទីលំនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ។ លោកតាទាំង២នាក់ជាអាចារ្យវត្តព្រែកស្តី ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CQ-8482 ។ ចំណែកឯរថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវខ្ចី គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ី ឃ្លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលបើកបររថយន្តដឹកដី មានទីលំនៅក្នុង ភូមិពោធិ៍អណ្ដែត ឃុំព្រែកស្តី ស្រុកកោះធំ (ស្គាល់ឈ្មោះតាមរយៈម្ចាស់រថយន្ត) ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញលោកតាអាចារ្យវត្តព្រែកស្តី២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវលេខ២១B ក្នុងទិសដៅពីស្រុកកោះធំឆ្ពោះទៅស្រុកស្អាង ដោយល្បឿនយឺតៗនិងមិនពាក់មួកការពារសុវត្ថិភាពនោះទេ ។ ពេលកំពុងជិះម៉ូតូឌុបគ្នានោះស្រាប់តែមានរថយន្តបែនដឹកដីបើកបុកពីក្រោយពេញមួយទំហឹង បណ្តាលឲ្យលោកតាទាំង២នាក់ប៉ើងខ្ទាត់មកចិញ្ចើមផ្លូវរងរបួសធ្ងន់ទាំង២នាក់ រីឯម៉ូតូត្រូវបានរថយន្តបង្កកិនពីលើរងការខូចខាតស្ទើរទាំងស្រុង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ ។ ដោយឡែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ