អាហ្វហ្គានីស្ថាន៖ បើទោះបីអាមេរិកនិងអាហ្វហ្គានីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមតាលីបង់ ក្តី ប៉ុន្តែការវាយប្រហារនៅក្នុងប្រទេសនោះ នៅតែបន្តកើនឡើង ប៉ុន្តែមិនមែនជាស្នាដៃក្រុមតាលីបង់ឡើង គឺជាក្រុមភេរវកម្ម IS ទៅវិញ ។
ខ្មាន់កាំភ្លើងក្រុមភេរវកម្មរដ្ឋអុីស្លាម IS បានបើកការវាយប្រហារនៅក្នុងពិធី គោរពវិញ្ញណក្ខន្ធ ក្នុងទីក្រុង កាប៊ុល សម្លាប់មនុស្ស ៣២នាក់ និង ៨១នាក់រងរបួស ។ ការវាយប្រហារកើតឡើងក្រោយពេលដែល អាមេរិកនិងអាហ្វហ្គានីស្ថាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយ ក្រុមតាលីបង់ ។
ការវាយប្រហារកើតឡើង នៅក្នុងពិធីគោរពវិញ្ញណក្ខន្ធ ខួប២៥ឆ្នាំ ថ្ងៃមរណៈភាពរបស់លោក Abdul Ali Mazari មេដឹកនាំក្រុមជនជាតិ ភាគតិច Hazara ដែលត្រូវក្រុមតាលីបង់ចាប់ដាក់គុក។ នៅក្នុងពិធីនោះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ជាច្រើនរូប។ ប៉ុន្តែជាភពសំណាងមិនមានមន្ត្រីណាមួយ រងរបួសឬស្លាប់នៅក្នុងហេតុការវាយប្រហារនោះឡើយ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Nasrat Rahimi បានបញ្ជាក់ថា ខ្មាន់កាំភ្លើង មានគ្នា ៣នាក់ ចូលរួមការវាយប្រហារ ហើយខ្មាន់កាំភ្លើងទាំង ៣ត្រូវបានសម្លាប់ ។
ប្រធានាធិបតីអាហ្វហ្គានិស្ថាន លោក Ashraf Ghani បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោកថា «ការវាយប្រហារជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ប្រឆាំងនិងការឯកភាពជាតិរបស់អាហ្វហ្គានិស្ថាន ។ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអង្គការណាតូ បានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពបាញ់ប្រហារខាងលើ ៕
ដោយ៖ មែវ សាធី