ទីក្រុងប៉ារីស៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលបារាំងបានឱ្យដឹងថា មានសមាជិកសភាពីរនាក់បន្ថែមទៀត ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកជំងឺ COVID-19 ធ្វើឱ្យចំនួនសមាជិកសភាបារាំង ឆ្លងជំងឺ នេះកើនដល់៤នាក់។
បើទោះជាធ្វើតេស្តរកឃើញផ្ទុកជំងឺ COVID-19 នោះក៏ពិតមែន ប៉ុន្តែអត្តសញ្ញាណសមាជិកសភាទាំងពីររូបខាងលើ មិនត្រូវបានគេទម្លាយឱ្យដឹងឡើយ ។ នេះជាការរក្សាសិទ្ធបុគ្គល ទៅលើជនងគ្រោះ កំពុងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតជំនាញ។
សូមបញ្ជាក់ថា៖ បុគ្គលិកសភាពីរនាក់ទៀត ត្រូវបានទទួលស្គាល់ថាបានឆ្លង COVID-19 ដូចគ្នា។ កាលពីសប្ដាហ៍មុន អាជ្ញាធរសុខាភិបាលបារាំង បានអះអាងថា សមាជិកសភា លោក ហ្សង់ លុច រ៉ិចហ្ស៊ែរ (Jean-Luc Reitzer) និងសមាជិកសភាលោកស្រី អេលីហ្សាបេត ទូទុយ-ពីកាដ (Elisabeth Toutut-Picard) ក៏បានឆ្លង COVID-19 ផងដែរ។
សូមរម្លឹកថា៖ គិតត្រឹមថ្ងៃអាទិត្យ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ ១៩នាក់ ក្នុងចំណោមតួលេខ អ្នកឆ្លងសរុប ១,១២៦ករណីហើយនៅទូទាំងប្រទេសបារាំង។ ចំនួននេះ បានធ្វើឱ្យបារាំងក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ជាច្រើនគេលំដាប់ទី២ នៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី។
បារាំង ចាត់វិធានការតឹងតែងបំផុតទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ក្នុងនោះរាល់ព្រឹត្តិការណ៍ទាំងអស់ដែលរំពឹងថា នឹងអាចទាក់ទាញមនុស្សឲ្យចូលរួមច្រើន ១,០០០នាក់ នឹងត្រូវហាមឃាត់នៅទូទាំងប្រទេសបារាំង លើកលែងតែព្រឹត្តិការណ៍ ដែលត្រូវបានគេចាត់ទុកថា មានប្រយោជន៍សម្រាប់អាយុជីវិតជាតិប៉ុណ្ណោះ៕
ដោយ៖ សុខ ខេមរា