ខេត្តស្វាយរៀង៖ ហាងកាហ្វេជនបទមួយដែលស្ថិតនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានបើកលក់កាហ្វេ និងលេងល្បែងភ្នាល់ចាក់ប្រដាល់ខណៈមានអ្នកភ្នាល់រាប់រយនាក់ ពិសេសថ្ងៃចុងសបា្ដហ៍ប៉ុន្តែមិនឃើញមានសមត្ថកិច្ចមូលដ្ឋានអើរពើរនោះទេ ។
បើតាមសេចក្ដីរាយការណ៍បានអោយដឹងថា ហាងកាហ្វេមួយនេះមានម្ចាស់ឈ្មោះ តាយ៉ឹក ស្ថិតនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំខណៈដែលមានការភ្នាល់ម្តងៗ គឺម្ចាស់ហាងនេះជាអ្នកឈរសួរទៅអ្នកដែលចង់លេងល្បែង និងចង់ភ្នាល់ថាតើអ្នកណាយកខាងណា ហើយអ្នកណាចង់ត ប៉ុន្មាន ហើយល្បែងដែលពេញនិយមបំផុតនោះគឺការចាក់ភ្នាល់ប្រដាល ដែលចាក់ផ្សាយតាមទូរទស្សន៍ប៉ុស្តិ៍ថៃ ដោយម្នាក់ៗចាប់គូ ខ្លះយកបង្គោលក្រហម ខ្លះយកបង្គោលខៀវ ហើយពេលកីឡាករ កំពុងប្រដាលបើមើលទៅបង្គោលណាអន់នោះមានអ្នកស្រែកថាតប៉ុន្មាន ហើយ តាយ៉ឹកម្ចាស់ផ្ទះស្រែកឡើងថា ហ៊ានត ប៉ុន្មាន អ្នកតចាប់ដៃគ្នាថា ត ៥ម៉ីន ១០ម៉ីន ឬហូត៥០ម៉ីរៀល តាមតែអ្វីដែលគូត្រូវគ្នា ។
សេចក្ដីរាយការណ៍ បានអោយដឹងទៀតថា ហាងកាហ្វេនេះ ក្នុងមួយថ្ងៃៗមានមនុស្សចូលលេងផឹកកាហ្វេជាង១០០នាក់ ម៉ូតូជាង១០០គ្រឿង មិនតែប៉ុណ្ណោះក៏ធ្លាប់មានអ្នកចាក់ភ្នាល់ប្រដាល់ឈ្លោះតឹងសសៃកដាក់គ្នា ហើយក៏មានប្រពន្ធមកតាមប្តី ដោយមកផឹកកាហ្វេភ្នាល់ប្រដាល់ភ្លេចការងារផ្ទះផងដែរ ។
លោក ពិនអាន អធិការស្រុកស្វាយជ្រំបានបញ្ជាក់ថា កន្លងមករូបលោកបានឲ្យមេប៉ុស្តិ៍ឃុំឈើទាលហៅម្ចាស់ផ្ទះមកអប់រំធ្វើកិច្ចសន្យា កុំឲ្យពេលមើលប្រដាល់មាត់ឮៗរំខានការដេកពួនអ្នកជិតខាង ។
ក៍ប៉ុន្តែចំពោះការភ្នាល់ល្បែងចាក់លុយពី ប្រាំម៉ីនរហូតរាប់លានរៀល ក្នុងមួយគូៗនោះលោកមិនទាន់ដឹងទេ ។ ហើយលោកក៍កំពុងរកមធ្យោបាយកុំឲ្យភ្នាល់ល្បែងពីព្រោះការលក់កាហ្វេលោកថាលោកមិនមានសិទ្ធបិទនោះទេ ។
ប្រជាពលរដ្ឋក៏ធ្វើការរិះគន់ដល់អាជ្ញាធរមូលដ្ឋានបើនៅតែបន្តឱ្យហាងកាហ្វេជនបទមួយនេះបើកឲ្យលេងល្បែងភ្នាល់ជាលក្ខណៈគ្រួសារបែបនេះមនុស្សរាប់រយគ្រួសារក្នុងភូមិ ឃុំនេះហ្នឹងមានសម្លេងនៃការឈ្លោះប្រកែកគ្នារវាងប្តី ប្រពន្ធ ឈានក្លាយជាអំពើរហិង្សាលេងល្បែងចាញ់ទ្រព្យសម្បត្តិ បញ្ចាំម៉ូតូ និងអាចមានអំពើចោរកម្មផងដែរ ៕
ដោយ៖ យឹម សុថាន