ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុម ចោរមានគ្នា៣នាក់វ៉ៃប្លន់យកលុយអស់ ១លាន៥០ម៉ឺនរៀលហើយគេចខ្លួនបាត់ ដោយសុវត្ថិភាពកាលពីវេលាម៉ោងជាង ៨យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅ ចំណុចព្រៃជិតវត្ដជន្លង់ម្លូ ក្នុងសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ គង់ សុវឿន ភេទ ប្រុស អាយុ៤០ឆ្នាំ ជាអ្នកលក់សាច់ជ្រូក ដាក់តាមម៉ូយ មានទីលំនៅភូមិតាំង រនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ជិះ ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AU-2766។
តាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានទៅយក លុយពីម៉ូយសាច់ជ្រូកនៅម្ដុំផ្សារបែក ចាន ក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល ហើយជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ ។ ខណៈកំពុងធ្វើដំណើរដល់កន្លែងកើត ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៣ នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយគាត់ ហើយបានស្ទាក់ឱ្យឈប់រួចពួកគេព្រួត វាយគាត់គំរាមយកលុយក្នុងហោប៉ៅ អាវធំរបស់គាត់អស់ចំនួន១លាន៥០ ម៉ឺនរៀលរួចគេចខ្លួនបាត់តែមិនបានយកម៉ូតូនោះទេ ។
ក្រោយពេលកើតហេតុរូបគាត់បាន ទៅដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការនគរបាលប៉ុស្ដិ៍ភ្លើងឆេះរទេះដើម្បីសុំឱ្យសមត្ថ កិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើមកដាក់ទោសតាមច្បាប់ ។
ទោះយ៉ាងណាក្នុងបណ្ដឹងរបស់ជនរង គ្រោះបានប្ដឹងពីករណីនេះមែន ប៉ុន្ដែ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ភ្លើងឆេះរទេះ សង្ស័យថា មិនមែនជារឿងប្លន់ទេគឺអាច ជារឿងជនរងគ្រោះចាញ់បោកមិត្ដភក្ដិណាមួយហើយបានប្រឌិតរឿងនេះឡើង ព្រោះពេលសមត្ថកិច្ចសួរដេញដោលរកមូលហេតុច្បាស់លាស់ជនរងគ្រោះឆ្លើយរដឹបរដុបម្ដងឆ្វេងម្ដងស្ដាំមិនជាក់លាក់ ជាពិសេសបានដាក់ចម្ងល់មួយថាហេតុអ្វីក្រុមចោរប្លន់លូកយកតែលុយមិន យកម៉ូតូ? ៕
ដោយ៖ សុខាសែនជ័យ