ខេត្ដកំពង់ឆ្នាំង៖ ទិន្នផលស្រូវវស្សា ឆ្នាំ២០១៥ នៅខេត្ដកំពង់ឆ្នាំង បានថយ ចុះបើប្រៀបធៀបនឹងឆ្នាំ២០១៤ដែល បណ្ដាលមកពីបញ្ហាធំមួយគឺខ្វះទឹកភ្លៀង ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ឆ្នាំង លោក ងិន ហ៊ុនមានប្រសាសន៍ថា ផ្ទៃដីកសិកម្ម ភាគច្រើនខ្វះខាតទឹកបង្កបង្កើនផលនៅ ដើមរដូវវស្សា ។ បញ្ហាខ្វះទឹកធ្វើឱ្យ កសិករលំបាករៀបចំដីពីព្រោះស្រូវនៅ តំបន់ខ្លះសំណាបចាស់ដើម និងមិន សូវបែកគុម្ពធំ ដែលធ្វើឱ្យបាត់ទិន្នផល ។ លោកថា ផលស្រូវបានថយចុះ៣០ គីឡូក្រាមក្នុង១ហិកតា ដែលកាលពី ឆ្នាំ២០១៤ គិតជាមធ្យមធ្លាប់ទទួលបាន ២តោន៨៦០គីឡូក្រាមក្នុង១ហិកតា ចំណែកការបង្កបង្កើនផលស្រូវប្រាំង ក៏មានការខ្វះខាតទឹកដែរ ដោយសារ កម្ពស់ទឹកទន្លេទាប មិនអាចហូរចូលបឹង ឬព្រែកនានាបានប៉ុន្ដែគេនៅសង្ឃឹមថា ទិន្នផលស្រូវអាចទទួលបានច្រើនគួរសម ព្រោះបានអនុវត្ដការដាំដុះលើសផែន ការ ។ ក្នុងផែនការផលិតស្រូវប្រាំង មានផ្ទៃដីទំហំជិត៣ម៉ឺនហិកតា ហើយ អនុវត្ដបានជាង៣ម៉ឺនហិកតា ។ ប្រជា កសិករអាចនឹងបញ្ចប់ការងារបង្កបង្កើនផលស្រូវប្រាំងនៅចុងខែមករាឆ្នាំ២០១៦ ខាងមុខនេះ ។
ស្រូវប្រាំងប្រមាណ៥ពាន់ហិកតា នៅ ស្រុកជលគីរីខេត្ដកំពង់ឆ្នាំងប្រឈមនឹង ការស្វិតងាប់ដោយសារគ្មានទឹកស្រោច ស្រព ។ អាជ្ញាធរអះអាងថាកំពុងរកវិធី សាស្ដ្រសង្គ្រោះស្រូវទាំងនេះ ។ អ្នកគ្រប់ គ្រងប្រភពទឹកទំនប់តាកុយ និងប្រជា កសិករនៅស្រុកជលគីរីឱ្យដឹងថា ផ្ទៃដី កសិកម្មឬស្រែប្រាំងរបស់កសិករក្នុង ស្រុកបាធាយ ខេត្ដកំពង់ចាម និងស្រុក ជលគីរីខេត្ដកំពង់ឆ្នាំងជាច្រើនហិកតា កំពុងស្វិត ខ្លោចជាបណ្ដើរៗ ខណៈប្រភព ទឹកនៅទំនប់តាកុយរីងស្ងួត ។ អនុប្រធាន គណៈកម្មការគ្រប់គ្រងទំនប់ទឹកតាកុយ លោក អួន គនមានប្រសាសន៍ថា ស្រូវ កំពុងមូរដើមនិងខ្លះទៀតឱនដាក់គ្រាប់ អាចស្កកកាន់តែច្រើនក្នុងរយៈពេលដ៏ខ្លី ខាងមុខ ។ លោកថា បើអាជ្ញាធរមាន វិធានការសង្គ្រោះស្រូវទាំងនេះតាមរយៈការបូមទឹកពីទន្លេគឺត្រូវបូមតគ្នាជាបី ដំណាក់ទើបចូលដល់អាងទឹកតាកុយទៀតអាចបែងចែកដល់ក្នុងស្រែព្រោះទឹកទន្លេកាន់តែរីងរាក់ ។
លោក ងិន ហ៊ុន ឱ្យដឹងទៀតថា ការបង្ក បង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៥-២០១៦របស់កសិករខេត្ដកំពង់ឆ្នាំង នៅ សល់ផ្ទៃដីចន្លោះពី២ពាន់ទៅ៣ពាន់ ហិកតាក្នុងចំណោមផ្ទៃដីស្រែប្រាំង ក្នុងផែនការសរុបជិត៣ម៉ឺនហិកតា (២៩.៧០០ហិកតា) ។ ការបង្កបង្កើន មិនអស់ផ្ទៃដីកសិកម្មនេះគឺដោយ សារបញ្ហាកម្ពស់ទឹកទន្លេទាបកាលពី ឆ្នាំ២០១៥ ដែលធ្វើឱ្យស្រែប្រាំងរបស់ កសិករនៅប៉ែកលើៗមិនអាចទទួលទឹក បាន ៕
ដោយ៖ ហេង នរិន្ទ្រ