សហប្រជាជាតិ៖ កន្លងមក អង្គការសហប្រជាជាតិ បានលុបទណ្ឌកម្ម ដល់កូរ៉េខាងជើង ដើម្បីឲ្យសហគមន៍អន្តរជាតិ បញ្ជូនជំនួយ សុខាភិបាលជួយដល់ពលរដ្ឋកូរ៉េខាងជើង ឆ្លងផុតពីវិបត្តិ បង្កឡើងដោយវីរុសផ្លូវដង្ហើម ។
នៅពេលនេះអ៊ីរ៉ង់ ក៏បានស្នើដល់អាមេរិក លុបទណ្ឌកម្ម ក្នុងវិស័យសុខាភិបាល។ ការឆ្លងរាលដាលនៃវីរុស មិនមែនជាបញ្ហានយោបាយឡើយ ជាបញ្ហាមនុស្សជាតិ នៅលើពិភពលោកទាំងមូល ។
ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijani កាលពីថ្ងៃទី ១០ខែមីនា បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ឲ្យ អាមេរិក លុបទណ្ឌកម្មអ៊ីរ៉ង់ ដើម្បីឲ្យប្រទេសនេះមានសមត្ថភាពក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម COVID-19 ។
សារព័ត៌មាន Tehran Times បានផ្សាយថា លោក Ali Larijani បានស្នើដល់ពិភពលោក ទាំងមូល រួមទាំង សភាអឺរ៉ុប អាស៊ី សហគមន៍អ៊ីស្លាម …ឲ្យជួយអន្តរាគមន៍ ស្នើដល់អាមេរិក លើកលែងទណ្ឌកម្មជាបន្ទាន់ ដោយអ៊ីរ៉ង់ប្រឈមបញ្ហា កង្វះសម្ភារៈពេទ្យ ។
នៅក្នុងលិខិតដែលប្រធានរដ្ឋសភា អ៊ីរ៉ង់ ផ្ញើរទៅកាន់ប្រធានរដ្ឋសភាបណ្តាប្រទេសនៅលើពិភពលោក បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក បានរារាំងដល់ការខិតខំ ប្រយុទ្ធប្រឆាំងជំងឺឆ្លងបង្កឡើងដោយវីរុស COVID-19 ។ បច្ចុប្បន្នអ៊ីរ៉ង់ កំពុងតែប្រឈមកង្វះប្រភពផ្គត់ផ្គង់ ក្នុងវិស័យសុខាភិបាល យ៉ាងខ្លាំង ។
អ៊ីរ៉ង់មានករណីឆ្លងវីរុស COVID-19 ដំបូងគេបង្អស់គឺនៅថ្ងៃទី ១៩ ខែកុម្ភៈ ហើយមកដល់ថ្ងៃទី ១០ ខែមីនានេះ អ៊ីរ៉ង់ មានករណីឆ្លង COVID-19 កើនឡើងដល់ទៅ ៨០៤២នាក់ និងស្លាប់កើនឡើងដលើ ២៩១នាក់ ៕
ដោយ៖ មែវ សាធី