ខេត្តកំពង់ចាមៈ យុវជន៣នាក់បានស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ ដោយសាររថយន្តមិនស្គាល់អត្តសញ្ញាណបុកហើយ បើករត់បាត់ស្រមោល។ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១០,៤៥នាទីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិ តាសែន ឃំុសូទិប ស្រុកជើងព្រៃ។
លោកវរសេនីយ៍ ប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃបានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើទី១ ឈ្មោះ ចក់ ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់) ទី២ ឈ្មោះ ម៉ុល រាជ ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) ទី៣ ឈ្មោះ ធិន សុផល ភេទប្រុស អាយុ២១ឆ្នាំ(ស្លាប់) អ្នកទាំង៣រស់នៅភូមិថ្មី ឃំុសូទិព្វ ស្រុកជើងព្រៃ ទី៤ ឈ្មោះ សល់ សូវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរវាង ឃំុខ្នុរដំបង ស្រុកជើងព្រៃ រងរបួសធ្ងន់។
លោកអធិការបានបន្តឲ្យដឹងថា ករណីនេះមុនពេលកើតហេតុគេបានឃើញយុវជនទាំង៤នាក់ជិះម៉ូតូ HONDA C125 ពាក់ស្លាកលេខ ភ្នំពេញ 1_CQ 6021 ឌុបគ្នា ក្នុងទិសដៅពីលិចទៅកើតលះុមកដល់ កន្លែងកើតហេតុ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបរបញ្រ្ចាស់ទិសគ្នាបុកពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់រណូករណែលចំនួន៣នាក់ និងរងរបួសធ្ងន់ម្នាក់។
លោកបន្តទៀតថា ករណីនេះក្រោយកើតហេតុ សម្មត្ថកិច្ចមូលដ្ឋានបានចះុទៅត្រួតពិនិត្យវាស់វែង ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះ ឯសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ហើយរថយន្តបង្កកំពុងត្រូវបានសម្មត្ថកិច្ចជំនាញស្រាវជ្រាវរកដើម្បីនាំយកអ្នកបើកបរមកទទួលខុសត្រូវចំពោះមុខច្បាប់៕វណ្ណះ