ខេត្តព្រះសីហនុ ៖ រថយន្តស្ទូចប្រភេទធំមួយគ្រឿង ខណៈពេលកំពុងតែដោះស្ទូចទម្លាក់ដែកដងសន្ទូច(ក្រេន)ចុះដីនៅការដ្ឋានសំណង់ដែលបញ្ចប់ការសាងសង់ហើយនោះ ស្រាប់តែដួលក្រឡាប់ផ្ងារជើងឡើងលើ ហើយធ្លាក់ដែករាយប៉ាយមកលើដីពេញផ្លូវ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់កម្មសិទ្ធិ ជនជាតិចិនមួយកន្លែង ស្ថិតនៅក្រុមទី ១៣ ភូមិ១ក្រុង/ខេត្តព្រះសីហនុ។
ករណីនេះ បង្កឲ្យខូចខាតរថយន្ត និងម៉ូតូPassApp ជាច្រើនគ្រឿង ព្រមទាំងបាក់បង្គោលភ្លើងអគ្គិសនីអស់១ដើមផងដែរ។ ទោះយ៉ាងណា គ្រោះថ្នាក់កើតឡើងពីការធ្វេសប្រហែសដោយខ្លួនឯងនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្រោយកើតហេតុភ្លាមគេឃើញ សមត្ថកិច្ច មានកងរាជអាវុធហត្ថ នគរបាល ព្រមទាំង លោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ រួមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផ្សេងទៀត ចុះទៅដល់កន្លែងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍ បញ្ចៀសការកកស្ទះចរាចរណ៍។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តស្ទូចនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន សុខតាយ ដែលជាថៅកែទិញដែកអេតចាយនៅទំនប់រលក។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ការដ្ឋានសំណង់ ដែលសង់មានកម្ពស់ជាង១០ជាន់នេះ ម្ចាស់អគារបានសង់ស្ទើររួច១០០ភាគរយទៅហើយ នៅឡើយតែលាបថ្នាំខាងក្រៅ និងបំពាក់សម្ភារនៅក្នុងបន្ទប់។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីដួលរលំរថយន្តស្ទូចទាំងព្រឹកនេះ អាចចាត់ទុកថាសំណាងហើយ ព្រោះថា នៅពេលដែលរថយន្តកំពុងតែធ្វើសកម្មភាពស្ទូចនោះ មានរថយន្តនិងម៉ូតូជាច្រើន បានធ្វើចរាចរឆ្លងកាត់លើផ្លូវនេះផងដែរ។ នៅកន្លែងកើតហេតុ មិនមានសាក្សីណាម្នាក់និយាយអះអាងថា បានឃើញហេតុការណ៍ក្រឡាប់រថយន្តស្ទូចនេះ ដោយផ្ទាល់ភ្នែកនោះទេ។
ទោះបីជាបែបនេះក៏ដោយចុះ បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញចរាចរណ៍ បានសន្និដ្ឋានថា មូលហេតុបង្កឲ្យក្រឡាប់រថយន្តស្ទូចនេះ ដោយសារតែ នៅពេលស្ទូចតៃកុងរថយន្តបានរៀបចំកល់ជើងទម្រ(ជើងជ្រែង)មិនបានត្រឹមត្រូវ ដែលជាហេតុនៅពេលដែលតៃកុងរថយន្តប្រឹង ពន្លូតដងសន្ទូចឡើងលើឲ្យបានវែង ដើម្បីស្ទូចដោះដែកក្រែនទម្លាក់ចុះដីនោះ ជាហេតុធ្វើឲ្យហើបជើងក្រោម ហើយយោលយោកបាត់លំនឹង ក្រឡាប់ធ្លាក់មកដីតែម្តង។ សមត្ថកិច្ច បានប្រាប់ថា ក្នុងហេតុការណ៍នេះ បង្កឲ្យខូចខាតរថយន្តចំនួន៣គ្រឿង និងម៉ូតូPassAppចំនួន១គ្រឿង និងបាក់រលំបង្គោលភ្លើងអគ្គិសនីចំនួន១ដើម ក្នុងនោះមាន
1-រថយន្តស្ទូចធុនធំ50តោន01គ្រឿង អត់ស្លាក់លេខ (រថយន្តបង្ក)
2-រថយន្តស្ទូចធុន25តោន01គ្រឿង ពាក់ស្លាកភ្នំពេញ3F 1239
3-រថយន្តលុចស៊ីស RX300 ពាក់ស្លាក់លេខភ្នំពេញ2M1475 ម្ចាស់ឈ្មោះ រឹមម៉េងស៊ាង ភេទប្រុស អាយុ22ឆ្នាំ មុខរបរជាងឡាន មានទីលំនៅ ភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ។
4-PassAppពាក់ស្លាកភ្នំពេញ1HA 1873 (1គ្រឿង)
5-បង្គោលភ្លើងលេខ103 មួយដើម៕ ឆ្លាម សមុទ្រ
...