ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ ជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌ ឲ្យកងទ័ពជើងគោក ឆ្នាំ២០២០ កំពុងហ្វឹកហ្វឺនរៀនសូត្រ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងសូមអបអរសាទរចំពោះពលទាហានថ្មី ដែលទើបទទួលបានការជ្រើសរើសឲ្យចូលបម្រើ ក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយឆ្លងកាត់ការ ត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ សំរិតសម្រាំងចេញពីបេក្ខជនដែលបានស្ម័គ្រចិត្តដាក់ពាក្យដ៏ច្រើន ហើយដែលកំពុងឆ្លងវគ្គហ្វឹកហ្វឺន នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលា ពលទាហានទី៣ យោធភូមិភាគទី៣នេះ ដើម្បីក្លាយខ្លួនជាកងទ័ព បម្រើជាតិ, ត្រៀមលក្ខណៈបម្រើប្រជាពលរដ្ឋ និងការពារសុខសន្តិភាព។
លោកឧត្តមសេនីយ៍ឯក មេទ័ពជើងគោក បានសង្កត់ធ្ងន់ថា ការស្ម័គ្រចិត្តចូលបម្រើកងទ័ព មិនមែនត្រឹមតែជាការប្តូរមកពាក់ឯកសណ្ឋានតែប៉ុណ្ណោះទេ ក្នុងនាមជាកងទ័ព គឺត្រូវយល់ដឹងអំពីតួនាទីភារកិច្ចកងទ័ព, វិន័យសណ្តាប់ធ្នាប់ជួរទ័ព និងចំណេះដឹងយោធាផ្សេងៗ ដោយត្រូវឆ្លងកាត់ការហ្វឹកហ្វឺនត្រឹមត្រូវ និងតឹងរ៉ឹង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា វគ្គហ្វឹកហ្វឺនរយៈពេល០៣ខែនេះ ទោះបីជាមានរយៈពេលមិនវែង ប៉ុន្តែចាប់ពីថ្ងៃទី១មក វគ្គហ្វឹកហ្វឺននេះ បានផ្តល់ឲ្យពលទាហានថ្មីនូវចំណេះដឹង និងបទពិសោធន៍ជាច្រើន ដូចជាការយល់ដឹងអំពីជីវិតជាកងទ័ព របៀបរបបការងារកងទ័ព, ចេះលះបង់ភាពជាបុគ្គល ដោយចាប់ផ្តើមធ្វើការងារជាក្រុម, ចេះជួយយកអាសារគ្នា ក្នុងគ្រាលំបាក, ទទួលបានការយល់ដឹង អំពីតួនាទីភារកិច្ចកងទ័ព និងសណ្តាប់ធ្នាប់ជួរទ័ព ព្រមទាំងយុទ្ធវិធីយោធា, ចំណេះដឹងយោធា, ឋានលេខា, និងក្បួនច្បាប់វិន័យយោធា ដែលមិនអាចហ្វឹកហ្វឺនរៀនសូត្រ នៅក្នុងគ្រឹះស្ថានអប់រំស៊ីវិលបានឡើយ។
លោកបន្តថា៖ ម្យ៉ាងវិញទៀត វគ្គហ្វឹកហ្វឺននេះ ក៏ជាមូលដ្ឋានសំខាន់ ដើម្បីឲ្យពលទាហានថ្មី មានសមត្ថភាពចេញទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាព ក៏ដូចជាដើម្បីឲ្យ ពួកគេក្តាប់ជាប់នូវតួនាទី និងភារកិច្ចចាប់ពីថ្នាក់ពលទាហានទៅ មុននឹងអាចទទួលបានចំណេះដឹងបន្ថែម ពីការអនុវត្តការងារជាក់ស្តែង ឬបន្តរៀនសូត្រទៅមុខ ហើយដែលថ្ងៃក្រោយក៏អាចនឹងក្លាយខ្លួន ជានាយទាហានប្រកបដោយសមត្ថភាពផងដែរ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើសិក្ខាកាមទាំងអស់យកចិត្តទុកដាក់រៀនសូត្រ, ខិតខំគោរពវិន័យ, ត្រងត្រាប់ស្តាប់ការបង្រៀនរបស់យោធាចារ្យ និងតស៊ូប្រឹងប្រែង លុតដំខ្លួន ដើម្បីម្នាក់ៗក្លាយជាយោធិនល្អ នៃកងយោធពលខេមរភូមិន្ទ សម្រាប់អនាគតខ្លួនឯង និងអនាគតកងទ័ព ហើយក៏ត្រូវពង្រឹងស្មារតីរួបរួមសាមគ្គីគ្នា, បង្កើត និងរក្សាមិត្តភាពឲ្យបានទៅថ្ងៃក្រោយទៀត មុននឹងទទួលការចាត់តាំងឲ្យទៅបំពេញភារកិច្ច នៅតាមបណ្តាអង្គភាព ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណថ្នាក់ដឹកនាំមជ្ឈមណ្ឌល, ថ្នាក់ដឹកនាំសាលា, គណៈគ្រប់គ្រងវគ្គ, យោធាចារ្យ និងស្ថាប័នជំនាញ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំសហការដឹកនាំសម្របសម្រួល គ្រប់គ្រងកិច្ចការហ្វឹកហ្វឺននេះ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន, និងថ្នាក់ដឹកនាំកងទ័ពជើងគោក លើការងារធានាផ្គត់ផ្គង់ សំដៅធ្វើយ៉ាងណាឲ្យវគ្គហ្វឹកហ្វឺននេះ អាចដំណើរការទៅបានដោយជោគជ័យ៕
ដោយ៖ សហការី