ភ្នំពេញ ៖ ក្រុមអ្នកព្យាកក្រសួងធនធានទឹក និងឧតុនិយមប្រាប់ប្រជាពលរដ្ឋអោយថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា ដោយអះអាងថាកម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈការព្យាកនេះ ក្រុមការងារក្រសួងធនធានទឹកបានបង្ហាញថា អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី ១៨-២១ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យសៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងពីថ្ងៃទី ១៧-២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយនៅតំបន់មាត់សមុទ្រ ដោយឡែកតែខេត្តកោះ កុង នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
ក្រៅពីនេះ ក្រុមការងារក្រសួងណែនាំអោយប្រជាពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា ។
នេះបេីយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធាន ទឹកនិងឧតុនិយមអោយដឹងនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ។
ក្រុមអ្នកព្យាកក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារតែកម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាបែបនេះធ្វេីអោយអាកាសធាតុតាមបណ្តាខេត្តមានស្ថានភាពដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩°c ។
២- បន្ទាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°c ។
៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°c ៕ ដោយ ៖ សុខខេមរា