ភ្នំពេញ៖ បុរសជនសង្ស័យជនជាតិចិនម្នាក់ត្រូវកម្លាំងនគរបាល បង្ក្រាបភ្លាមៗ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ជនជាតិចិនរូបនេះប្រើប្រាស់កាំភ្លើងខុស ច្បាប់ ។
ហេតុការណ៍នេះកើតឡើង កាលវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០នៅចំណុចអគារព្រីម ផ្លាហ្សា តាមផ្លូវព្រះនរោត្ដម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យឈ្មោះ XIE YENG ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅ ផ្ទះលេខ១៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ភ្នំពេញ មុខរបរមេការរោងចក្រផលិតស្លាគ្មានលិខិតឆ្លងដែន។
វត្ថុតាងដកហូតមាន កាំភ្លើងខ្លី១ដើម ម៉ាកK54 ពណ៌ខ្មៅបង់១ គ្រាប់៤ គ្រាប់ រួម នឹងឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយកំប្លេ។ មុនកើតហេតុកម្លាំងនគរបាល ទទួលព័ត៌មានពីប្រជាពលរដ្ឋសង្ស័យជនជាតិចិនមានកាំភ្លើងខ្លី ក្រោយមកក៏កម្លាំង នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅឃាត់បុរសជនសង្ស័យ នៅ អគារកើតហេតុខាងលើតែម្តង ។
លោក ផន អូន អធិការរងខណ្ឌចំការមន បានឲ្យដឹងថា ក្រោយពីការចុះឃាត់ខ្លួនជន សង្ស័យបាន ក៏សួររកកាំភ្លើងខ្លី ហើយជនសង្ស័យឆ្លើយថា មិនបានដឹងរឿងអ្វីទេ តែសាក្សីសន្តិសុខបានប្រាប់ថា នៅមុននេះ បុរសជនជាតិចិនរូបនេះបង្កហិង្សា និងដកកាំភ្លើងខ្លីគំរាមទៅលើជនជាតិចិនដូចគ្នា។
ក្រោយមកតាមទៅមើលកន្លែង ដែលជនជាតិចិនរត់ចូលបន្ទប់ទឹករួច ហើយទៅឆែកទើបឃើញថង់ខ្មៅ ក្នុងនោះមានកាំភ្លើងខ្លីម៉ាកK54 ចំនួន១ដើម និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន១កំប្លេ ហើយ ក៏នាំខ្លួនមកសាកសួរនាំ នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការ តាមផ្លូវច្បាប់៕ នរិន្ទ្រ