ក្នុងពេលប្រជុំពលរដ្ឋដើម្បីចែករំលែក ណែនាំពីបទពិសោធន៍ វិធីសាស្ត្រ ការពារឆ្លងរាលដាលវីរុស កូវីដ-១៩ ក៏រងការវាយប្រហារបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមានមនុស្សជាច្រើនរងរបួស។
ហេតុការណ៍ខាងលើកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅក្នុងខេត្តយ៉ាឡា។
តាមសារព័ត៌មាន ABCnews បានផ្សាយថា ស្នងការប៉ូលិសក្នុងតំបន់ Pramote Prom-in បានបញ្ចាក់ថា ក្រុមជ្រុលនិយមបានបង្កៃគ្រាប់បែកក្នុងរថយន្ត។
ប្រភពបានបញ្ជាក់ ហ្វូងមនុស្សរាប់រយនាក់ បានស្ថិតនៅកន្លែងកើតហេតុ ជាពិសេសគឺមន្ត្រី ក្នុងតំបន់ ខណៈត្រូវបានអញ្ជើញឲ្យមកប្រជុំស្តីអំពីបញ្ហាជំងឺ កូវីដ-១៩ និងផ្សព្វផ្សាយពីវិធីសាស្ត្រការពារ។
ការវាយប្រហារនោះបណ្តាលឲ្យមនុស្ស២០នាក់បានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ស្នងការប៉ូលិសដដែលបញ្ជាក់ថា គ្មានជនរងគ្រោះណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ។ មិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់នៅឡើយទេ ។
ខេត្តទាំងឡាយ៣នៅភាគខាងត្បូងរបស់ប្រទេសថៃ ជាកន្លែងដែលក្រុមជនមូស្លីមជ្រុលនិយមទាមទារផ្តាច់ខ្លួនតាំងពីឆ្នាំ២០០៤រៀងរហូតមក ហើយតែងតែបង្កអំពើហិង្សាវាយប្រហារបន្តបន្ទាប់ ។ មនុស្សប្រហែល ៧០០០នាក់ត្រូវប៉ាន់ប្រមាណថា បានស្លាប់ក្នុងអំពើហិង្សានៅទីនោះ ៕