គ្រប់យោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដពិនិត្យរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិត និងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ចេញសេចក្តីជូនដំណឹងពីវិធានការចំនួន៩ចំណុច ដើម្បីទប់ស្កាត់ ការពារ ការរីករាលដាលវីរុសកូវីដ១៩ ក្នុងចំណោមចំណុចទាំងនេះតម្រូវឲ្យយោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដីពិនិត្យមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិតហើយត្រូវស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ។

 លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះបានប្រកាសប្រាប់តាមរយៈសេចក្តី​ជូនដំណឹងខាងលើនេះថា គ្រប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាកម្លាំងមួកខៀវ ដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ទាំងតាមបណ្តាកង ទាំងនាយទាហានសេនាធិការ និង នាយទាហានសង្កេតការណ៍ ត្រូវចាត់វិធានការការពារ និងចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ១៩ ដោយរួមគ្នាអនុវត្តនូវវិធានការដូចខាងក្រោម៖

១- យោធិនមួកខៀវទាំងអស់ ដែលបានច្បាប់សម្រាកគិតចាប់ពីការជូនដំណឹងនេះតទៅត្រូវមកធ្វើតេស្ដីពិនិត្យ មេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិត ដោយសហការជាមួយគ្រូពេទ្យមជ្ឈមណ្ឌល ជាតិ ហើយត្រូវស្ថិតនៅដាច់ដោយ​ឡែកពីគេ (Self-Isolation) រយៈពេល១៤ថ្ងៃ។ ចំណែកយោធិនដែលទើប ចប់ច្បាប់​ឈប់សម្រាក ហើយត្រូវត្រឡប់ទៅកាន់តំបន់បេសកកម្មវិញ ក៏តម្រូវអោយស្ថិតនៅដាច់ដោយឡែកពីគេ (Self-Isolation) រយៈពេល១៤ថ្ងៃដូចគ្នាដែរ (ដោយអនុលោមតាម បទបញ្ជាបេសកកម្មនីមួយៗ)។

២-យោធិននៃបណ្តាកងនាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍ ដែលកំពុងបំពេញបេសកកម្ម ហើយបានប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានផ្ទុកមេរោគកូវីដ១៩ ត្រូវជូនដំណឹងមកមេ បញ្ជាការ ឬមេបញ្ជាការប្រចាំបញ្ហាជាដាច់ខាត ដើម្បីចាត់វិធានការការពារ និងព្យាបាលអោយបានទាន់ពេលវេលា ហើយយោធិនរូបនោះត្រូវស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃដូចគ្នាដែរ។

៣-គ្រប់ពេលដែលយោធិនណាម្នាក់ត្រលប់ពីបំពេញបេសកកម្មខាងក្រៅ បុគ្គលិកពេទ្យនៃកងនីមួយៗ ត្រូវតែចាត់វិធានការវាស់កម្ដៅ និងបាញ់ថ្នាំសម្អាតសម្លាប់មេ​រោគជាដាច់ខាត មុនពេលអនុញ្ញាតិឱ្យចូលក្នុងបន្ទាយវិញ។

៤- ត្រូវបង្កើតគណ:កម្មការតាមដាននិងពិនិត្យសុខភាពជាប្រចាំដល់យោធិនគ្រប់រូប។

៥- ត្រូវពាក់ម៉ាស់អនាម័យ និងលាងដៃជាប់ជាប្រចាំ ព្រមទាំងរក្សាគន្លាតយ៉ាង​ហោចណាស់ពី ១-២ម៉ែត្រ។

៦- ត្រូវសម្អាតអនាម័យតាមផ្ទះបាយ កន្លែងស្នាក់នៅបន្ទប់ទឹក ពិសេសកន្លែងដែលមានមនុស្សប្រើប្រាស់ច្រើន និងសម្អាតវត្ថុដែលប្រើរួមគ្នាយ៉ាងតិច២ដង/ថ្ងៃ ព្រមទាំងធធ្យោបាយធ្វើដំណើរជាប់ជាប្រចាំមុនចេញប្រតិបត្តិការ។

៧- ត្រូវជៀសចេញពីអំឡុងពេល និងទីកន្លែងដែលមានមនុស្សចេញ-ចូលច្រើន។

៨- ត្រូវប្រជុំជួរ ផ្សព្វផ្សាយ អប់រំ ណែនាំ ដាក់វិធានការរៀងរាល់ព្រឹក មុនបំពេញភារ​កិច្ចដល់កងទាំងមូល។

៩-ត្រូវធ្វើបច្ចុប្បន្នភាព និងរាយការណ៍ជាប្រចាំ នូវស្ថានភាពសុខភាពនៃយោធិន​មួកខៀវទាំងអស់ មកមជ្ឈមណ្ឌលជាតិ ជារៀងរាល់ថ្ងៃឱ្យបានមុនម៉ោង១៧:០០ (ម៉ោងនៅកម្ពុជា ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print