ភ្នំពេញ៖ បញ្ហារីរាលដាលជំងឺកូវីដ-១៩ជាសកល ធ្វើឲ្យលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងពិចារណាក្នុងការផ្អាក ឬបន្តឲ្យមានការរៀបចំសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍ ក្រោយកម្ពុជារកឃើញករណីឆ្លងមេរោគប្រភេទថ្មី COVID-19 ជាបន្តបន្ទាប់ចំនួន៣៥ករណី គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ និងខណៈរាជរដ្ឋាភិបាលមានវិធានការណ៍ផ្អាកកន្លែងទីប្រជុំជន កន្លែងកម្សាន្តរួចទៅហើយនោះ ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានប្រសាសន៍ថាលោកនឹងជួបប្រជុំជាមួយតំណាងសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍នីមួយៗនិងអ្នកពាក់ព័ន្ធផ្សេងៗដើម្បីពិភាក្សាគ្នាមុនសម្រេច ថាតើគួរផ្អាកឬបន្តឲ្យមានការរៀបចំសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍ដែរឬយ៉ាងណា។ ការជួបប្រជុំនេះ គឺដើម្បីពិនិត្យពីផលប៉ះពាល់ផ្សេងៗរបស់ស្ថានីយទូរទស្សន៍នីមួយៗ ក្នុងករណីមានការផ្អាកសង្វៀនប្រដាល់។
ប្រធានសហព័ន្ធរូបនេះបានបន្ថែមថា ការធ្វើបែបនេះដោយសារ លោក បារម្ភខ្លាចសង្វៀនប្រដាល់ក្លាយជាកន្លែងចម្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយ COVID-19 ដែលកំពុងរីករាលដាលតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ការបិទសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍ វាជាការរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19 តែវាអាចធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពកីឡាករតាមក្លិប ដែលពឹងផ្អែកលើការឡើងសង្វៀន។ នេះជាបញ្ហាដែលលោក តែម ម៉ឺន កំពុងគិតពិចារណា។
យ៉ាងណាលោកតែមម៉ឺន បញ្ជាក់ថា លោកកំពុងពិចារណា និងពិភាក្សារកដំណោះស្រាយនេះជាមួយម្ចាស់ស្ថានីយ៍ទូរទស្សន៍នានា និងក្រុមកីឡាករឲ្យបានសមស្រប ។
សូមបញ្ជាក់ថា ការពិចារណាផ្អាក ឬបន្តឲ្យមានការរៀបចំសង្វៀនប្រដាល់នៅតាមស្ថានីយទូរទស្សន៍នេះ ធ្វើឡើងក្រោយកម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ជាបន្តបន្ទាប់លើជនបរទេស និងជនជាតិខ្មែរ។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញមានអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយ COVID-19 សរុបចំនួន៣៥ករណី។ ប៉ុន្តែក្នុងចំណោមករណីទាំងអស់សុទ្ធសឹងជាករណីនាំចូល លើកលែងតែបុរសវ័យ៣៨ឆ្នាំនៅខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន ប៉ុណ្ណោះ ៕
ដោយ៖ សហការី