បន្លែសុវត្ថិភាពក្នុងបាត់ដំបង កាន់តែមានហាងឆេង ខណៈមានក្រុមហ៊ុនចុះកិច្ចសន្យាទិញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីមានការគាំទ្រច្រើន ពីសំណាក់ពលរដ្ឋក្នុងតំបន់ និងបណ្ដាខេត្តមួយចំនួន បន្លែសុវត្ថិភាព ដែលកសិករក្នុងសហគមន៍តាសីសាមគ្គី ស្ថិតនៅឃុំតាម៉ឺន ស្រុកថ្មគោល ដាំដុះ មានក្រុមហ៊ុនឯកជនក្នុង ស្រុកមួយ បានចុះកិច្ចសន្យាជាមួយសហគមន៍ទិញបន្លែទាំងអស់នោះ ទៅលក់ចែកចាយបន្ត ក្នុងតម្លៃដ៏ សមរម្យ និងជាក់លាក់ជាមួយគ្នា ហើយវានឹងអាចជួយឲ្យកសិករមានកម្លាំងចិត្តដាំបន្លែ និងរកចំណូលបាន គួរសម។

ក្នុងពិធីចុះកិច្ចព្រមព្រៀងការទិញបន្លែសុវត្ថិភាព ជាមួយក្រុមហ៊ុនរ៉េម៉ិច (REMEC) លោក ណុប នន់ ប្រធានសហគមន៍តាសីសាមគ្គី បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ខាង សហគមន៍ នឹងត្រូវធ្វើការផ្គត់ផ្គង់ឲ្យក្រុមហ៊ុន យ៉ាងហោចណាស់ពីរតោន ក្នុងមួយថ្ងៃ ដោយតម្លៃចាប់ពីបួន ពាន់រៀល ទៅបួនពាន់ប្រាំរយរៀល ចំណែកបន្លែស្ពៃផ្កាពណ៌ខៀវ តម្លៃរហូតដល់មួយម៉ឺនរៀល ហើយតម្លៃ នេះ អាចរកចំណូលចូលក្នុងសហគមន៍បានប្រមាណពីរពាន់ដុល្លារ។

លោក ឡៅ សេងឡូត តំណាងក្រុមហ៊ុនរ៉េម៉ិច បានលើកឡើងថា បច្ចុប្បន្ន ពលរដ្ឋ កាន់តែមានការ យល់ដឹងពីសារសំខាន់ នៃការបរិភោគបន្លែមានសុវត្ថិភាព ទើបមានការបរិភោគច្រើនក្នុងមួយថ្ងៃៗ ហើយ តម្រូវការក្នុងទីផ្សារកាន់តែកើន។

លោក បានបន្តថា ក្នុងនាមជាក្រុមហ៊ុននាំបន្លែសុវត្ថិភាពទៅផ្គត់ផ្គង់ទីផ្សារ ក្រុមហ៊ុន បានសិក្សា និងជួបពិភាក្សាជាមួយសហគមន៍តាសីសាមគ្គី អស់រយៈពេលជាង៥ឆ្នាំ ពាក់ព័ន្ធនឹងការនាំបន្លែសុវត្ថិភាព ពីសហគមន៍ ហើយពេលនេះ សមាជិកក្នុងសហគមន៍ មានបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ អាចផលិត បន្លែនេះបាន ទើបឈានដល់មានកិច្ចព្រមព្រៀងនេះ។

ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា កិច្ចព្រមព្រៀងនេះ គឺបានប្រែ ក្លាយការដាំបន្លែជាលក្ខណៈគ្រួសារ ទៅជាពាណិជ្ជកម្ម និងបានធ្វើឲ្យបន្លែរបស់កសិករខ្មែរ កាន់តែអាច មានសមត្ថភាពនាំទៅកាន់ទីផ្សារអន្ដរជាតិ តាមរយៈការដាំមានស្ដង់ដារ រួមទាំងការវេចខ្ចប់បានល្អ។

លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ន ក្នុងមួយថ្ងៃៗ ខេត្តបាត់ដំបង អាចនាំចេញបន្លែទៅលក់នៅតាមបណ្ដារាជធានីខេត្តមួយចំនួន និងនាំទៅប្រទេសថៃ ផង ជាង២០០តោន។

បន្លែដាំក្នុងរោងសំណាញ់យូវី ត្រូវបានសមាជិកក្នុងសហគមន៍តាសីសាមគ្គី ដាំក្នុងរោងសំណាញ់ ដែលមាន រន្ធតូចបំផុត មិនអាចឲ្យសត្វល្អិតងាយចូលបាននោះទេ ប៉ុន្តែបើវាចូលបាន ក៏ត្រូវបន្ទះក្រដាសពណ៌លឿង ចាប់ សម្លាប់ចោលអស់ ដែលហេតុនេះហើយ ទើបមិនចាំបាច់ប្រើថ្នាំសម្លាប់ ហើយធ្វើឲ្យបន្លែមានសុវត្ថិភាពទៀតផង៕ 

ហេង សូរិយា

...

 




ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print