វិភាគព័ត៌មានអន្តរជាតិ៖ ដរាបណាពិភពលោកមិនទាន់គ្រប់គ្រងបានទាំងស្រុង ការផ្ទុះកូវីដ-១៩ ជាលើកទីពីរនៅតែបន្តកើនឡើង

ចែករំលែក៖

ពិភពលោក៖ មិនត្រូវធ្វេសប្រហែសឡើយ ប្រទេសដែលគ្រប់គ្រងស្ថានភាពបាន ក៏ត្រូវប្រុងប្រយ័ត្ន នឹងចាត់ វិធានការទប់ស្កាត់ការឆ្លងរាលដាលជាលើកទីពីរ អាចគ្រោះថ្នាក់ជាថ្មីទៅទៀត។ វីរុសកូវីដ១៩ គឺជាសត្រូវរបស់ពិភពលោកទាំងមូលមិនមែនតែរបស់ប្រទេសណា តែម្នាក់នោះទេ។ ប្រទេសនៅអាស៊ីមួយចំនួន ដែលបានជួបភាពធូរស្បើយ ពីការ ឆ្លងរាលរាលខ្លាំង នៃវីរុសកូវីដ១៩ កំពុងប្រឈមនឹងការឆ្លងខ្លាំងជាថ្មីម្តងទៀត។
ឆ្លើយតបនឹងបញ្ហាប្រឈមនេះ វីធីសាស្ត្រ ដែលប្រទេសអាស៊ីទាំងនោះត្រៀមបង្កា គ្មានអ្វីក្រៅពី អំពាវនាវ ឬក៏រាំងខ្ទប់ឲ្យប្រជាជនសំងំនៅតែក្នុងផ្ទះ កុំធ្វើដំណើរចេញក្រៅ បើគ្មានកិច្ចការអ្វីចាំបាច់នោះ។
ប្រទេសអាស៊ី ដូចជាចិន សិង្ហបុរី កូរ៉េខាងត្បូង ជាដើម មានឆន្ទះខ្ពស់ណាស់ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជងឺកូវីដ១៩។ មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះ បានប្តេជ្ញាថានឹងខិតខំទប់ស្កាត់មិនឲ្យកូវីដ ១៩ មានលទ្ធភាពឆ្លងរាតត្បាត ខ្លាំង ជាលើកទី ២ ឬជាលើកទី ៣ បានជាដាច់ខាត។
ប្រទេសចិន ជាកន្លែងដែលវីរុសកូវីដ១៩ ផ្ទុះដំបូងគេ បានប្រកាសថាខ្លួនលែងមាន ករណីឆ្លងថ្មីក្នុងស្រុកជាលើកដំបូង កាលពីថ្ងៃពុធម្សិលមិញ។ តែទោះជាបែបនេះក្តី ចិន ហើយនិងប្រទេសនៅអាស៊ីជាច្រើន កំពុងតែប្រឈមនឹងការឆ្លងរាតត្បាតជាលើកទី២ ដោយសារតែករណីឆ្លងពីបរទេសនៅតែបន្តមានឥតឈប់។ តួយ៉ាង អាជ្ញាធរ សុខាភិបាល ជាតិចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៩ មីនានេះ ថា មានករណីឆ្លងថ្មីចំនួន ៣៤ ដែលទាំងអស់នេះ សុទ្ធតែជាករណីឆ្លងពីក្រៅប្រទេស។ហេតុអ្វីបានជាប្រជាជាតិអាស៊ីប្រឈមទៅនឹងការឆ្លងរាតត្បាតខ្លាំងពីវីរុសកូវីដ១៩ ជាលើកទី២?
វីរុសកូវីដ១៩ កំពុងបន្តរាតត្បាតខ្លាំង និងឥតឈប់នៅទូទាំងសកលលោក ហើយអឺរ៉ុប នៅតែជាកន្លែងដែលមានការឆ្លងរាតត្បាតខ្លាំងជាងគេបំផុតនាពេលបច្ចុប្បន្ននេះ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី ១៩ មីនា នេះ បើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានបារាំង AFP អ្នកឆ្លងវីរុសកូវីដ ១៩ បានកើនឡើងដល់ប្រមាណ ២២ ម៉ឺននាក់ ចំណែកអ្នកស្លាប់វិញមានជាង ៩ពាន់នាក់។
ជារឿងដ៏គួរឲ្យកត់សម្គាល់ នៅមួយរយៈពេលចុងក្រោយនេះ ប្រទេសអាស៊ីមួយចំនួន មានចិន និងកូរ៉េខាងត្បូងជាដើម ពួកគេបានសាងភាពភ្ញាក់ផ្អើល ក្នុងប្រតិបត្តិការ កាត់បន្ថយ ករណីឆ្លងវីរុសកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពជាងគេ។
តែទោះជាបីជា ប្រទេសចិន ក៏ដូចជាកូរ៉េខាងត្បូង មានលទ្ធភាពអាចកាត់បន្ថយករណីឆ្លង នៃវីរុសកូវីដ១៩ ក្នុងស្រុកក្តី នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសទាំងពីរនេះ បានប្រកាស អំពីការកើនឡើងនៃករណីឆ្លងថ្មី។
គួរគូសបញ្ជាក់ជូនថា ប្រទេសបីស្ថិត ក្នុងចំណោមបណ្តាប្រជាជាតិអាស៊ីដែលប្រឈម នឹងការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ លើកទី២ ខ្លាំងជាងគេ រួមមានប្រទេសកូរ៉េខាងត្បូង ចិន និងសិង្ហបុរី។
មួយវិញទៀត ដោយសារតែករណីឆ្លងពីខាងក្រៅនៅតែបន្តមាន និងបន្តកើនឡើង ជាពិសេសនៅក្នុងប្រទេសចិន  គេបានផ្តើមមានក្តីព្រួយបារម្ភអំពី ចលនារាតត្បាតខ្លាំង សាជាថ្មីម្តងទៀតនៃវីរុសកូវីដ ១៩ នៅអាស៊ី។
គួររំឭកជូនថា ចិនបានប្រកាស ថាលែងមានករណី ឆ្លង វីរុសកូវីដ១៩ ក្នុងស្រុកទាល់តែសោះនិងជាលើកទី១ រាប់ចាប់តាំងពីមេរោគនេះផ្ទុះ នៅខែធ្នូ ឆ្នាំ ២០១៩មក។
ប៉ុន្តែ ស្របពេលដែលលែងមានករណីឆ្លងក្នុងស្រុក ការកើនឡើងករណីឆ្លង ដែលនាំ ចូលពីខាងក្រៅ នៅតែមាន និងបន្តកើនឡើង។ នេះ គឺជាការគំរាមកំហែងមួយ ដល់ វឌ្ឍនភាព របស់ចិន។
គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថាមានករណីឆ្លងថ្មីចំនួន ៣៤ ហើយសុទ្ធតែជាករណីឆ្លងពីបរទេសទាំងអស់។ នេះ អាចរាប់ ចាត់ ទុកថា ជាការកើនឡើងដ៏ច្រើនបំផុតក្នុង រយៈពេលពីរសប្តាហ៍ ជាមួយនឹងចំនួនសរុប ១៨៩ ករណី នៅចិន។
ទន្ទឹមគ្នានេះ ប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសអាស៊ីល្បីថាពូកែ និងមាន យុទ្ធសាស្ត្រ ល្អ ក្នុងការទប់ស្កាក់ការរីករាលដាល នៃវីរុសកូវីដ១៩ ក៏បានប្រកាសអំពីចំនួន នៃការឆ្លងថ្មី ផងដែរ។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍នេះដែរ កូរ៉េខាងត្បូង មានករណីឆ្លងថ្មីកើនចំនួន ១៥២ ករណី។ តែទោះជាបែបនេះក្តី អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅមិនទាន់ប្រាកដក្នុងចិត្ត នៅឡើយនោះទេ ថាតើឆ្លងថ្មីទាំងនោះមានប្រភពមកពីបរទេស ទាំងអស់ដូចនៅក្នុង ប្រទេសចិន ដែរឬក៏អត់។
មួយវិញទៀត ប្រទេសសិង្ហបុរី  ក៏ទើបប្រទះនូវករណីឆ្លងថ្មីចំនួន ៤៧ ករណីផងដែរ ដែលក្នុងនោះករណីចំនួន ៣៣ ឆ្លងពីបរទេស។ ក្នុងចំណោម  ៣៣ ដែល ឆ្លងពីខាងក្រៅ នេះ មាន ៣០ ជាពលរដ្ឋសិង្ហបុរីខ្លួនឯង ដែលធ្វើដំណើរពីបរទេសចូលមកស្រុកវិញ។
បើនិយាយអំពី មូលហេតុដែលធ្វើប្រទេសអាស៊ី  ប្រឈមនឹងការឆ្លង រាតត្បាតខ្លាំងនៃជំងឺ កូវីដ ១៩ ជាលើក ទី២ គឺគ្មានអ្វី ក្រៅពីការធ្វើដំណើរផ្លាស់ទី របស់មនុស្សនោះទេ។
ឧទាហរណ៍ដូចករណីនៅចិន។ ជារៀងរាល់ថ្ងៃមានមនុស្សមិនតិចនោះទេ ធ្វើដំណើរ ចេញចូលប្រទេសអាស៊ីមួយនេះ និងត្រូវជួបប្រាស្រ័យទាក់ទងគ្នា តាមរបៀបផ្សេងៗ។ បើតាមការឲ្យដឹងពីអាជ្ញាធរចិន មានមនុស្សជាមធ្យមចំនួន២ ម៉ឺននាក់ ហោះហើរចូលដែនដី នៃប្រទេសចិនជារៀងរាល់ថ្ងៃ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print