ភ្នំពេញ៖ ចោរឆក់២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ តាមក្របួចបានភ្លាមៗ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្រ្តីជនជាតិបរទេសម្នាក់ កំពុងដើរតាមផ្លូវ ប៉ុន្តែមិនបានសម្រេចកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១៧២ កែងផ្លូវលេខ១៩ ត្រង់ចំណុចក្រោយវត្តសារាវន្ត័ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនសង្ស័យ២នាក់ ដែលត្រូវឃាត់ខ្លួននោះ ទី១.ឈ្មោះ ឡេ ចន្ធូ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរជាងដែក មានទីលំនៅ ផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ និងទី២.ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ជនជាតិស្បែកសរ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ពុំស្គាល់ឈ្មោះ និងមិនបានមកដាក់ពាក្យបណ្តឹងទេ (ក្រោយកើតហេតុចាក់ចេញពីកន្លែងកើតហេតុបាត់) ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គឺស្រ្តីជនជាតិបរទេសម្នាក់(ជនរងគ្រោះ) កំពុងតែដើរ តាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវព្រះសីហនុ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាBeat ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DG-2435 មកធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីជនរងគ្រោះតែមិនបានសម្រេចនោះទេ ។ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន គាប់ជួនមានបុរសម្នាក់ជាអ្នកដំណើរបានឃើញហេតុការណ៍នោះ បានជិះដេញតាមជនសង្ស័យ ហើយស្រែកថាចោរៗ ទើបកម្លាំងសមត្ថកិច្ចដែលកំពុងតែល្បាត តាមបណ្តោយផ្លូវលេខ៥១ នាំគ្នាចេញអន្តរាគមន៍ដេញតាម ចាប់ខ្លួនបានទាំង២នាក់ នៅចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ រួចយកទៅសួរនាំនៅប៉ុស្ដិ៍តែម្តង ។
មន្រ្តីដដែលបន្តថា ក្រោយឃាត់ខ្លួនវត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដា Beat ពណ៏ ស លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1DG 2435 (ជារបស់ជនសង្ស័យឈ្មោះ ឡេ ចន្ធូ) ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមច្បាប់ ៕
ដោយ៖ ស រស្មី