ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ដោយសារឈ្លក់វង្វេងនិងលង់ស្នេហ៍បុរសវ័យក្មេង ម្នាក់បានលួចយករថយន្តចេញពីផ្ទះ និង ចុះចោលបុរសជាគូដណ្តឹងរត់តាមប្រុសស្នេហ៍តែត្រូវម្តាយតាមទាន់ប្តឹងនគរបាលឲ្យឃាត់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីវ័យក្មេង ដែលបង្កអុកឡុកក្នុងក្រុមគ្រួសារនេះ មានឈ្មោះ លាង ស្រីតូច អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅក្នុងភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើបតែលួចមកស្នាក់នៅក្នុងភូមិ កើតហេតុខាងលើ បានរយៈពេល២ខែនេះទេ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា ស្ត្រីខាងលើ មានគូដណ្តឹងរួចហើយ រស់នៅជាមួយគ្នាជាង២ឆ្នាំមកដែរ ដោយមិនទាន់រៀបការ។ ស្រាប់តែក្នុងរយៈពេល២ខែមកនេះ បែរជាលួចមានស្នេហាជាមួយប្រុសក្មេង ស្នាក់នៅរាជធានីភ្នំពេញ ហើយបានរត់គេចចេញពីផ្ទះបាត់ដំណឹងឈឹង ដោយយកទាំងរថយន្តព្រូសមួយគ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3253 មក ជាមួយផង។ មិនតែប៉ុណ្ណោះថែមទាំងលួចលុយឪពុកម្តាយ ទ្រព្យសម្បត្តិអស់ជាច្រើន។ ទើបតែនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ស្ត្រីខាងលើ លេចមុខទៅផ្ទះ លួចគាស់ទ្វារចូល ប្រមូលយកខោអាវ ត្រូវបានក្រុមគ្រួសារ ដឹងខ្លួនងើបភ្ញាក់ឆោឡោធ្វើឲ្យស្រ្តីរូបនេះរត់គេចខ្លួន។ ភ្លាមៗត្រូវបានក្រុមគ្រួសារ ដេញប៉ផាប់ចាប់ពផីង តាំងពីខេត្តកំពង់ឆ្នាំង តាមរយៈរថយន្ត ឈ្នួល ចូលរហូតមកដល់ទីក្រុងភ្នំពេញ តាមដល់ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះប្រហែល ស្ត្រីវ័យក្មេងនឹកថា គ្មានបងប្អូនណាតាមទៀតទេ ក៏ទៅយករថយន្តដែលផ្ញើទុកនៅកន្លែងទទួលបញ្ញើ បម្រុងបើកគេចតែត្រូវបានក្រុមគ្រួសារទៅដល់រារាំង ប៉ុន្តែឃាត់មិនជាប់។ ស្ត្រីខាងលើ ក៏បើករថយន្តគេចវិលជុំវិញក្នុងភូមិ ហើយក្រុមគ្រួសារបានប្តឹងនគរ បាលឲ្យជួយដេញតាមឃាត់បាន នៅក្នុងភូមិតាងួន តែគាត់ឈប់រថយន្តឡុកសោជាប់តាមផ្លូវ មិនព្រមចេញពីរថយន្ត បង្កឲ្យកកស្ទះចរាចរណ៍ ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងប្រើវិធីសាស្ត្រលួងលោម ទើបស្ត្រីរូបនេះយល់ព្រមមិនឡុកសោទ្វាររថយន្ត តែនៅមិនព្រមចុះចេញពីក្នុងរថយន្តឡើយ។ រហូតដល់ ក្រុមគ្រួសារចាត់វិធានការក្តៅ ស្ទុះចូលចាប់ឲ្យនគរបាលទាញចេញ និងនាំយកទៅប៉ុស្តិ៍។
តាមក្រុមគ្រួសារ បានឲ្យដឹងថា កូន ស្រីរបស់គាត់ មិនដឹងត្រូវស្នេហ៍ ឬយ៉ាង ណាទេ ទើបងប់ងុលជាមួយប្រុសក្មេង សុខចិត្តរត់ចោលប្តី ក្រុមគ្រួសារ បំផ្លាញ លុយកាក់ ទ្រព្យសម្បត្តិ ក្នុងផ្ទះអស់រាប់ ពាន់ដុល្លារ ហើយទើបតែតាមរកឃើញ ស្នើសុំឲ្យនគរបាលជួយឃាត់ នាំចូលប៉ុស្តិ៍ ដើម្បីនិយាយគ្នា និងយករថយន្តទៅផ្ទះវិញ ព្រមទាំងស្នើសុំឲ្យនគរបាលជួយពិនិត្យធ្វើតេស្ត បើមានសារធាតុញៀន នោះ ក្រុម គ្រួសារ នឹងនាំទៅមណ្ឌលបន្សាបគ្រឿងញៀន តែបើមិនមានសាធាតុញៀន ក្រុមគ្រួសារនាំយកទៅផ្ទះវិញ ដើម្បីចាត់វិធានការអប់រំ ក្នុងវិន័យគ្រួសារ៕ សុខាសែនជ័យ