មានគូដណ្តឹងរួចហើយមកលួចរថយន្តយកចេញពីផ្ទះរត់តាមប្រុសក្មេងត្រូវម្តាយតាមទាន់ប្តឹងនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ដោយសារឈ្លក់វង្វេងនិងលង់ស្នេហ៍បុរសវ័យក្មេង ម្នាក់បានលួចយករថយន្តចេញពីផ្ទះ និង ចុះចោលបុរសជាគូដណ្តឹងរត់តាមប្រុសស្នេហ៍តែត្រូវម្តាយតាមទាន់ប្តឹងនគរបាលឲ្យឃាត់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍​សែន​ជ័យ ។
ស្ត្រីវ័យក្មេង ដែលបង្កអុកឡុកក្នុងក្រុម​គ្រួសារនេះ មានឈ្មោះ លាង ស្រីតូច អាយុ​២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន​ឯកជន មានទីលំនៅក្នុងភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង ទើបតែលួចមកស្នាក់នៅក្នុង​ភូមិ កើតហេតុខាងលើ បានរយៈពេល២ខែ​នេះទេ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា ស្ត្រីខាង​លើ មានគូដណ្តឹងរួចហើយ រស់នៅជា​មួយគ្នាជាង២ឆ្នាំមកដែរ ដោយមិនទាន់​រៀបការ។ ស្រាប់តែក្នុងរយៈពេល២ខែមក​នេះ បែរជាលួចមានស្នេហាជាមួយប្រុសក្មេង ស្នាក់នៅរាជធានីភ្នំពេញ ហើយបាន​រត់គេចចេញពីផ្ទះបាត់ដំណឹងឈឹង ដោយយកទាំងរថយន្តព្រូសមួយគ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3253 មក ជាមួយផង។ មិនតែប៉ុណ្ណោះថែមទាំងលួចលុយឪពុកម្តាយ ទ្រព្យសម្បត្តិ​អស់​ជាច្រើន។ ទើបតែនៅវេលាម៉ោង​៣​ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២០​នេះ ស្ត្រីខាងលើ លេចមុខទៅផ្ទះ លួច​គាស់ទ្វារចូល ប្រមូលយកខោអាវ ត្រូវបានក្រុមគ្រួសារ ដឹងខ្លួនងើបភ្ញាក់ឆោ​ឡោធ្វើឲ្យស្រ្តីរូបនេះរត់គេចខ្លួន។ ភ្លាមៗ​ត្រូវបានក្រុមគ្រួសារ ដេញប៉ផាប់​ចាប់ពផីង តាំងពីខេត្តកំពង់ឆ្នាំង តាមរយៈរថយន្ត ឈ្នួល ចូលរហូតមកដល់ទីក្រុងភ្នំពេញ តាមដល់ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះប្រហែល ស្ត្រីវ័យក្មេងនឹកថា គ្មានបងប្អូនណាតាម​ទៀតទេ ក៏ទៅយករថយន្តដែលផ្ញើទុកនៅកន្លែងទទួលបញ្ញើ បម្រុងបើកគេចតែ​ត្រូវ​បានក្រុមគ្រួសារទៅដល់រារាំង ប៉ុន្តែឃាត់​មិនជាប់។ ស្ត្រីខាងលើ ក៏បើករថយន្តគេច​វិលជុំវិញក្នុងភូមិ ហើយក្រុមគ្រួសារបាន​ប្តឹងនគរ បាលឲ្យជួយដេញតាមឃាត់បាន នៅក្នុងភូមិតាងួន តែគាត់ឈប់រថយន្តឡុកសោជាប់តាមផ្លូវ មិនព្រមចេញពីរថយន្ត បង្កឲ្យកកស្ទះចរាចរណ៍ ផ្អើលដល់ប្រជា​ពលរដ្ឋចោមរោមមើល និងប្រើវិធីសាស្ត្រ​លួងលោម ទើបស្ត្រីរូបនេះយល់ព្រមមិន​ឡុកសោទ្វាររថយន្ត តែនៅមិនព្រមចុះ​ចេញពីក្នុងរថយន្តឡើយ។ រហូតដល់ ក្រុម​គ្រួសារចាត់វិធានការក្តៅ ស្ទុះចូលចាប់ឲ្យ​នគរបាលទាញចេញ និងនាំយកទៅប៉ុស្តិ៍។
តាមក្រុមគ្រួសារ បានឲ្យដឹងថា កូន ស្រីរបស់គាត់ មិនដឹងត្រូវស្នេហ៍ ឬយ៉ាង ណាទេ ទើបងប់ងុលជាមួយប្រុសក្មេង សុខចិត្តរត់ចោលប្តី ក្រុមគ្រួសារ បំផ្លាញ លុយកាក់ ទ្រព្យសម្បត្តិ ក្នុងផ្ទះអស់រាប់ ពាន់ដុល្លារ ហើយទើបតែតាមរកឃើញ ស្នើសុំឲ្យនគរបាលជួយឃាត់ នាំចូលប៉ុស្តិ៍ ដើម្បីនិយាយគ្នា និងយករថយន្តទៅផ្ទះវិញ ព្រមទាំងស្នើសុំឲ្យនគរបាលជួយពិនិត្យធ្វើតេស្ត បើមានសារធាតុញៀន នោះ ក្រុម គ្រួសារ នឹងនាំទៅមណ្ឌលបន្សាបគ្រឿង​ញៀន តែបើមិនមានសាធាតុញៀន ក្រុម​គ្រួសារនាំយកទៅផ្ទះវិញ ដើម្បីចាត់វិធាន​ការ​អប់រំ ក្នុងវិន័យគ្រួសារ៕ សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print