ភ្នំពេញ៖ កម្លាំងប្រដាប់អាវុធហត្ថ ខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយពេលឆែកឆេរឃើញមានផ្ទុកនូវសារធាតុញៀន ចំនួន១៨កញ្ចប់តូច ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង៤០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីកម្លាំងប្រដាប់អាវុធខណ្ឌដង្កោបានអោយដឹងថា មុនពេលកើតហេតុកម្លាំងរបស់លោកបានចុះល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ខណៈនោះបានប្រទះឃើញ ជនសង្ស័យ ៣ នាក់ មានម៉ូតូ ២ គ្រឿងកំពុងឈរនិយាយគ្នា ដោយមានការសង្ស័យកម្លាំងរបស់លោកបានធ្វើការឆែកឆេរ ស្រាប់តែមានជនសង្ស័យម្នាក់បានរត់គេចខ្លួន តែត្រូវកម្លាំងយើងធ្វើការឃាត់ជាប់ បន្ទាប់ពីឆេកឆេររួចមកក៍ឃើញមានសារធាតុញៀន(ក្រាមសថ្លា) ១កញ្ចប់តូចដែលជនសង្ស័យបោះចោលនៅក្បែរខ្លួន ក្រោយពីធ្វើការឆែកជនសង្ស័យទាំង ៣នាក់រួមជាមួយនឹងម៉ូតូ ២គ្រឿង ត្រូវបានកម្លាំងរបស់លោកយកមកកាន់ អ.ហខណ្ឌដង្កោ។
ប្រភពដដែលបានបន្ដឲ្យដឹងទៀតថា ជនសង្ស័យទាំង៣ នាក់ ទី១ ឈ្មោះ ជួន ឧត្ដម ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ស្នាក់នៅ បន្ទប់ជួលភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យទី២ ឈ្មោះ សេង យ៉េន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះមេជាងម្ដុំក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ជនសង្ស័យទី ៣ឈ្មោះ ចក់ ជាតិ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់។ ស្នាក់នៅបន្ទប់ជួលនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យ ឈ្មោះ ចក់ ជាតិ រួចឈានមកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៦ ទើបធ្វើការឃាត់ខ្លួននូវជនសង្ស័យម្នាក់ទៀត ឈ្មោះ អុង ផល្លិត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយដកហូតបាននូវសារធាតុញៀន(ក្រាមសថ្លា) ចំនួន ១៨ កញ្ចប់តូច ទូរសព្ទ័ចំនួន ២គ្រឿង និង ថវិការមួយចំនួន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៤ នាក់ រួមជាមួយនឹងវត្ថុតាងរួចមក កម្លាំងបស់លោកត្រូវបានបញ្ជូនទៅកាន់ការរិយាល័យប្រឆាំងគ្រឿងញៀន អាវុធអាហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ
...