ភ្នំពេញ៖ នារីម្នាក់បានរងរបួសបាក់ជើងត្រូវបានរថយន្តសាមុយដឹងយកទៅសង្រ្គោះនៅមន្ទីរពេទ្យ និងយុវជនម្នាក់ទៀតរបួសស្រាល ដោយសារតែពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបុករថយន្តបាឡែនកំពុងបត់ឆ្លងផ្លូវពេញទំហឹង ។
ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង១០នឹង៥០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងពត៌មាន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តបាឡែន ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 2AE-5702 បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្សទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបំណងឆ្លងទៅផ្លូវលេខ៩០ ខណះកំពុងបត់ស្រាប់តែមានយុវជននិងនារីម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FF-3621 ជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនទិសដៅបញ្ច្រាសគ្នា បានជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង បណ្តាលឱ្យនារីដែលអង្គុយពីក្រោយរងរបួសបាក់ជើង ចំណែកយុវជនជាអ្នកឌុបរងរបួសស្រាល ។
ប្រភពបន្តថា ភ្លាមនោះរថយន្តសាមុយបានមកដឹកនារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំដោះស្រាយនាពេលក្រោយ ដោយសារតែភាគីទាំង២និយាយចចាមិនត្រូវគ្នា ៕
ដោយ៖ ព្រែកជ័យ