អ្នកឆ្លងកូវីដ-១៩ នៅអាមេរិក បានកើនឡើងរហូតដល់ទៅជាង១៦៣ពាន់នាក់ ស្លាប់ជាង៣១០០នាក់ និងព្យាបាលជាសះស្បើយ ជាង៥៦០០នាក់ ផងដែរ។ ប៉ុន្តែការឆ្លងបានកើនឡើងយ៉ាងឆាប់រហ័យ បង្កក្តីបារម្ភយ៉ាងខ្លាំង។
ពេលថ្មីៗនេះទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក លោកវេជ្ជបណ្ឌិត Dr Anthony Fauci កូវីដ១៩អាចនឹងសម្លាប់ជីវិតពលរដ្ឋអាមេរិក ប្រមាណពី ពី ១០ម៉ឺន ទៅ ២០ម៉ឺននាក់។ នៅពេលនេះ ក្រសួងសុខាភិបាលអាមេរិកបានអនុញ្ញាតឱ្យគ្រូពេទ្យប្រើថ្នាំក្លរ៉ូគីន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។
នៅចំពោះមុខតុល្យការជាក់ស្តែងឃើញ ចំនួនមនុស្សស្លាប់បានកើនឡើងមួយទ្វេជាពីរតែក្នុងរយៈពេលបីថ្ងៃ នៅល្ងាចថ្ងៃអាទិត្យទី ២៩មីនា ម្សិលមិញ ក្នុងសន្និសីទកាសែតពីសេតវិមាន លោកដូណាល់ ត្រាំ បានប្រកាសផ្លាស់ប្តូរជំហរ។ វិធានការប្រកាសកាលពីដើមសប្តាហ៍មុន ដូចជាគម្រោងផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ គ្រោងបន្ធូរបន្ថយការរឹតត្បិតការជួបជុំរបស់ប្រទេសប្រជាជន នៅថ្ងៃទី ១២មេសា ត្រូវពន្យាររហូតដល់ថ្ងៃទី ៣០មេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩។
ជាមួយនឹងការទទូលស្គាល់ថា សហរដ្ឋអាមេរិកនឹងអាចមានចំនួនអ្នកស្លាប់ដោយកូវីដ១៩ឡើងខ្លាំងដល់កំពូលនៅរវាងពីរសប្តាហ៍ខាងមុខ លោកប្រធានាធិបតីក៏បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចនឹងអាចចាប់កំរើកវិញបាននៅដើមខែមិថុនា។
កាលពីថ្ងៃសៅរ៍ ទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក ផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត លោកអង់តូនី ហ្វូស៊ី ដែលបានក្លាយជាតំណាងដ៏គួរទុកចិត្តមួយសម្រាប់ក្រសែភ្នែកពលរដ្ឋអាមេរិករាប់លាននាក់ បានអះអាងថាលោកមិនដែលបានជួបប្រទះរោគកាចដូច្នេះទេ ក្នុងជីវិតការងាររបស់លោក។ ហេតុដូច្នេះហើយបានក្នុងករណីកូវីដ១៩ លោកផ្តល់សេណារីយោល្អបំផុតនិងអាក្រក់បំផុត ដោយ បានព្យាករណ៍ថាអាមេរិកអាចនឹងមានអ្នកស្លាប់ដោយកូវីដ១៩ ពី១០ទៅ២០ម៉ឺននាក់។
តួលេខពិតជាក់ស្តែង ប្រទេសនៅចន្លោះតូលេខទាំងពីរនេះ។ នេះបើតាមការបញ្ជាក់របស់លោកទីប្រឹក្សា។ គិតមកទល់ពេលនេះ អាមេរិករាប់ឃើញមានអ្នកស្លាប់ ជាង២៤០០នាក់។ នៅរដ្ឋញូវយ៉កមានស្លាប់ច្រើនជាងគេ ១០២៦នាក់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ តែរដ្ឋផ្សេងៗទៀតក៏កំពុងក្លាយជាតំបន់ផ្ទុះកូរ៉ូណាវីរុសថ្មីដែរ។
ដោយហេតុតែគ្មានថ្នាំព្យាបាល គ្មានថ្នាំបង្ការ នៅថ្ងៃអាទិត្យទី ២៩មីនា អាជ្ញាធរសុខាភិបាលអាមេរិកបានចេញសេចក្តីសម្រេច អនុញ្ញាត ឱ្យគ្រូពេទ្យអាមេរិកអាច ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយប្រើថ្នាំ ក្លរ៉ូគីន ។ ថ្នាំព្យាបាលជំងឺគ្រុនចាញ់ក្លរ៉ូគីន ដែលកាលពីថ្ងៃទី ២៤មីនា ត្រូវបានលោកដូណាល់ ត្រាំ ចាត់ទុកជាថ្នាំទេវតា ប្រទាន។
ប៉ុន្តែសម្រាប់អាជ្ញាធរសុខាភិបាលអាមេរិក ការប្រើប្រាស់ថ្នាំក្លរ៉ូគីន ត្រូវមានលក្ខខណ្ឌច្បាស់លាស់ ៖ អាចប្រើបានតែនៅក្នុងមន្ទីរពេទ្យ ដោយប្រើលាយជាមួយនឹងថ្នាំផ្សះ អ៊ីដ្រូស៊ីក្លរ៉ូគីន។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជា និងផ្តល់ថ្នាំក្លរ៉ូគីន ដល់អ្នកជំងឺវ័យក្មេង ជាក្មេងជំទង់ និងមនុស្សពេញ ក្រោមការតាមដានយ៉ាងត្រឹមត្រូវ។ អាជ្ញាធរសុខាភិបាលអាមេរិក ហាមដាច់ខាតមិនឱ្យសាធារណជនទូទៅ ប្រើថ្នាំក្លរ៉ូគីន ដោយខ្លួនឯងទេ ព្រោះមានពលរដ្ឋម្នាក់នៅរដ្ឋអារីស្ហូតា បានស្លាប់ដោយសារលេបក្លរ៉ូគីននេះ។
ទន្ទឹមពេលជាមួយគ្នានេះ ស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រពីររបស់អាមេរិក គឺវិទ្យាស្ថានសុខាភិបាលជាតិ និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍឱសថ កំពុងធ្វើតេស្តសាកល្បងលើមនុស្ស ដែលនឹងត្រូវចាប់ផ្តើមនៅរដ្ឋញូវយកមុនគេ។ សូមបញ្ជាក់ថាការធ្វើតេស្តសាកល្បងនេះ ធ្វើឡើងស្របតាមពិធីសាររបស់សាស្ត្រាចារ្យជំនាញបារាំង។ ជាការសាកល្បងប្រើប្រាស់ ថ្នាំដែលផ្សំពីសារធាតុ Hydroxychloroquine បូកផ្សំជាមួយថ្នាំ Azithromycine។
នៅបារាំងឬនៅអឺរ៉ុបនិយាយជារួមនោះ ការព្យាបាលដោយប្រើថ្នាំគ្រុនចាញ់ ក៏នៅជាដំណាក់កាលសាកល្បងនៅឡើយដែរ។ ការសិក្សាពិសោធន៍ទ្រង់ទ្រាយធំ បាន ផ្តើមពីថ្ងៃទី២២មីនា លើអ្នកជំងឺកូវីដ-១៩ ចំនួន ៣ពាន់២រយនាក់ នៅអឺរ៉ុប ក្នុងនោះ អ្នកជំងឺចំនួន ៨០០នាក់ មកពីបារាំង លើអ្នកជំងឺកូវីដ១៩ ករណីធ្ងន់ធ្ងរខ្លាំង ដើម្បីផ្ទៀងផ្ទាត់អំពីផលល្អ ប្រសិទ្ធភាពនៃថ្នាំក្លរ៉ូគីន និងអំពីសុវត្ថិភាពរបស់ថ្នាំ។ ការសិក្សានេះក៏ជាការប្រៀបធៀបប្រសិទ្ធភាពនៃការព្យាបាលកូវីដ១៩ដោយប្រើថ្នាំក្លរ៉ូគីន និងការព្យាបាលជំងឺកូវីដ១៩ ដោយគ្មានក្លរ៉ូគីន។
បើប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំនិងស្រាវជ្រាវបារាំង នៅព្រឹកថ្ងៃចន្ទទី៣០មីនា លទ្ធផលបឋមនៃការធ្វើតេស្តនឹងត្រូវចេញនៅនៅចុងសប្តាហ៍។ បើលទ្ធផលល្អគេនឹងបន្តសាកល្បងទៀត ដោយបញ្ឈប់មូលេគុលខ្លះ ហើយថែមឬប្តូរមូលេគុលថ្មីផ្សេងទៀត ដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពថ្នាំ។ ចំណែកលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត រ៉ាអ៊ូល ដែលជាអ្នកផ្តើមគំនិតប្រើថ្នាំក្លរ៉ូគីន បានដឹកនាំការសាកល្បងមួយទៀត ជាលើកទីពីរ ហើយលទ្ធផលបានបញ្ជាក់ដូចគ្នាអំពីប្រសិទ្ធភាពថ្នាំក្លរ៉ូគីនចំពោះជំងឺកូវីដ១៩ ប៉ុន្តែភាពសង្ស័យ និងសំណួរនៅតែបន្តមាន។ សង្ឃឹមថាលទ្ធផលសិក្សាទ្រង់ទ្រាយធំនឹងអាចជួយបំភ្លឺអំពីប្រសិទ្ធភាពនិងសុវត្ថិភាពនៃការព្យាបាលកូវីដ១៩ ដោយប្រើថ្នាំក្លរ៉ូគីន បូកផ្សំជាមួយថ្នាំផ្សះ៕