នៅអាមេរិក មួយថ្ងៃស្លាប់ ១៣២០នាក់ ឆ្លងជាង៣២០០០ ដោយកូវីដ-១៩

ចែករំលែក៖

អាមេរិក៖ ចំនួនអ្នកស្លាប់ ដោយកូវីដ-១៩ នៅអាមេរិក ក្នុងថ្ងៃទី ៣ខែមេសា កើនឡើងខ្ពស់បំផុត ដោយមានអ្នកស្លាប់ រហូតដល់ទៅ ១៣២០នាក់ រយៈពេល ២៤ម៉ោង ធ្វើឲ្យអ្នកស្លាប់សរុបមានដល់ទៅជាង ៧ពាន់នាក់ និងឆ្លង ជាង ៣២០០០នាក់ធ្វើឲ្យអ្នកឆ្លងកើនឡើងដល់ជិត ៣សែននាក់ហើយ។
អ្នកស្លាប់នឹងឆ្លង មិនទាន់ដល់ កម្រិតកំពូលដូចលោកត្រាំ លើកឡើងនៅឡើយទេ នៅប៉ុន្មានថ្ងៃខាងមុខទៀត អាមេរិក អាចនឹងមានអ្នកស្លាប់និងឆ្លងច្រើនបំផុត ។
ដោយសារតែមន្រ្ដីជាន់ខ្ពស់អាមេរិកដឹងថា នៅលើទឹកដីមហាអំណាចមួយនេះ មានអ្នកឆ្លងវីរុសដ៏កាចសាហាវនេះកើនឡើងច្រើន ទើបកាលពីប៉ុន្មានថ្ងៃមុននេះ ទាំងសភា និងរដ្ឋាភិបាលអាមេរិក បានឯកភាពគ្នា អនុម័ត លើកញ្ចប់ថវិកា ធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ចំនួន២,២ពាន់ពាន់លានដុល្លារអាអាមេរិក (2.2Trillion)។ រីឯការកើនឡើងចំនួនអ្នកឆ្លងដ៏ច្រើន នៅលើទឹកដីអាមេរិកនេះ ទំនងក៏ដោយសារតែលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រមាថ(ការធ្វេសប្រហែស) ទៅលើស្ថានការណ៍ ហើយអួតអាងថា វិស័យសុខាភិបាលអាមេរិកខ្លាំង អាចទប់ស្កាត់វីរុសនេះបាន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិកនៅតែមានអ្នកឆ្លងវីរុសកូវីដ១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកផ្ទុកវីរុសកូវីដ១៩ កើនឡើង ២៧៧ ១៦១នាក់ ក្នុងនោះស្លាប់៧៣៩២នាក់ និង ជាសះស្បើយ១២២៨៣នាក់។ បើតាមតួលេខ នៃចំនួនអ្នកឆ្លង នៅលើទឹកដីរបស់មហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោកមួយនេះ ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយចំនួនអ្នកស្លាប់ កើនឡើងជាលំដាប់។

ដោយឡែកប្រទេសអ៊ីតាលី និងអេស្ប៉ាញ វិញ កំពុងតែប្រជែងគ្នា ដណ្ដើមយកលេខ២ និងលេខ៣ នៃចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។ ប្រទេសទាំង២នេះ ម្ដងអ៊ីតាលីនាំមុខ និងម្ដងអេស្ប៉ាញនាំមុខ នៃចំនួនអ្នកឆ្លង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសអ៊ីតាលី មានអ្នកឆ្លងវីរុសថ្មី នៃកូវីដ១៩ ចំនួន ១៤៦៨១នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើង ១១៩ ៨២៧នាក់ ក្នុងនោះស្លាប់១៤៦៨១នាក់ និងជាសះ ស្បើយ ១៩៧៥៨នាក់។ រីឯប្រទេសអេស្ប៉ាញ មានអ្នកឆ្លងវីរុសថ្មី នៃកូវីដ១៩ ចំនួន៧១៣៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់១១៩១៩៩នាក់ ក្នុងនោះស្លាប់១១១៩៨នាក់ និងជាសះស្បើយ ៣០៥១៣នាក់ ផង ដែរ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print