ភ្នំពេញ៖ មានករណីបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ក្នុងប្លុកបុរីកីឡា បណ្តាលឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចទាំងកណ្តាលយប់ចេញមកជួយអន្តរាគមន៍សង្គ្រោះយកមនុស្សចេញបានទាន់ពេលវេលា។
ហេតុការណ័បាក់ស្រុតសំយ៉ាបផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង០៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៧ខែមេសា ឆ្នាំ២០២០នៅប្លុកបុរីកីឡាតាមបណ្តោយផ្លូវលេខ២១៥កែងផ្លូវលេខ១៤៦ ចំណុចផ្ទះលេខ៨៦AED ស្ថិតក្នុងភូមិ៥សង្កាត់វាលវង់ ខណ្ឌ៧មករា។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះចិន សុវណ្ណនី ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
តាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ បានប្រជាពលរដ្ឋទំនាក់ទំនងតាមទូរស័ព្ទប្រាប់ថាមានករណីបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីកីឡា និងមានមនុស្សជាប់គាំងនៅក្នុងនោះផងដែរ ពេលទទួលបានដំណឹងនោះភ្លាមៗកម្លាំងសមត្ថកិច្ចបាននាំគ្នាចេញជួយធ្វើអន្តរាគមន៍ហៅរថយន្តបង្កា និងពន្លត់អគ្គីភ័យយកជណ្តើរមកដាក់ដើម្បីជួយសង្គ្រោះយកមនុស្សដែលជាប់គាំងចេញមកក្រៅបានផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្នុងហេតុការបាក់ស្រុតសំយ៉ាបផ្ទះខាងលើមិនបង្កឲ្យមានមនុស្សស្លាប់ឬរងរបួសទេដោយកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលផង។
ក្រោយកើតហេតុ មនុស្សដែលជាប់ក្នុង កន្លែងបាក់ស្រុតសំយ៉ាបផ្ទះនៅបុរីកីឡានោះត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ទាំងអស់ដោយសុវត្ថិភាព៕
ដោយ៖ ធឿនព្រែកជ័យ