ពលរដ្ឋស៊ីរីរស់នៅទីក្រុងMadayaបង្ខំចិតស៊ីអ្វីគ្រប់យ៉ាងដើម្បីរក្សាជីវិតរស់នៅ ធ្វើឲ្យពិភពលោកតក់ស្លុតយ៉ាងខ្លាំង។ ប៉ុន្តែទាំងនោះគ្រាន់តែជាផ្នែកមួយនៃជីវិតពិតរបស់ពលរដ្ឋស៊ីរី ដែលរស់នៅក្នុងប្រទេសដែលមានសង្គ្រាម។
ភាពអត់ឃ្លានគឺជាមជ្ជុរាជកំពុងតែផ្តាច់ជីវិតពលរដ្ឋស៊ីរីរាប់លាននាក់។ សារព័ត៌មានស៊ីអិនអិនបានដកស្រង់សម្តីលោកPhilip Luther តំណាងអង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថាការអត់អាហារបរិភោគជាគ្រោះមហន្តរាយសម្លាប់ពលរដ្ឋស៊ីរីរាប់លាននាក់។ លោកបន្តទៀតថា នៅទូទាំងប្រទេសស៊ីរីពលរដ្ឋបានស្លាប់ជាបន្តបន្ទាប់ដោយសារអត់អាហារ ។ក្រុមប្រឆាំង នឹងរដ្ឋាភិបាលស៊ីរីបានប្រើប្រាសថាភាពអត់ឃ្លាតរបស់ពលរដ្ឋធ្វើជាអាវុធក្នុងការធ្វើសង្គ្រាម បង្ខំឲ្យភាគីនីមួយៗត្រូវចុះចាញ់ ។ប៉ុន្តែសកម្មភាពបែបនេះនឹងធ្វើឲ្យពលរដ្ឋស្លូតត្រង់រាប់លាននាក់បាត់បង់ជីវិត។
ការទុកឲ្យពលរដ្ឋអត់អាហារស្លាប់គឺជាយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាមដែលធ្លាប់បានប្រើប្រាស់តាំងពីមុនមកមិនមែនទើបតែកើតឡើងនាពេលនេះនៅក្នុងប្រទេសស៊ីរីនោះឡើយ។ ប្រទេសស៊ីរីបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីខែមីនា ឆ្នាំ2011 មកទល់ពេលនេះ។ ទីក្រុងធំៗរបស់ស៊ីរីរងការវាយប្រហារប្រែក្លាយទៅជាគំនរបាក់បែក វាលរហោស្ថាន។ ពលរដ្ឋស៊ីរីរាប់សែននាក់ស្លាប់ និងជាង៤លាននាក់ត្រូវភៀសសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។
តាមការប៉ាន់ប្រមាណ នៅមុនសង្គ្រាមស៊ីវិលកើតឡើងនៅឆ្នាំ២០១១ ពលរដ្ឋស៊ីរីប្រមាណ៨លាននាក់រស់នៅអាស្រ័យទៅលើរបរកសិកម្មដើម្បីចិញ្ចឹមជីវិត ។ តាមអង្គការផ្តល់ជំនួយកុមារគិតដល់ឆ្នាំ២០១៣ សង្គ្រាមបានបំផ្លាញវិស័យកសិកម្មគិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក។មិនត្រឹមតែប៉ុណ្ណោះសង្គ្រាមបានធ្វើឲ្យតម្លៃស្បៀងអាហារកើនឡើងខ្ពស់កប់ពពក ហើយគ្មានទាំងអាហារលក់ទៀតផង។
អ្នកស្រីJamila ដែលជាជនភៀសខ្លួនទៅកាន់ព្រំដែនស៊ីរីបាននិយាយថា រយៈពេល៤ថ្ងៃដែលគាត់ពួននៅក្នុងរូងគេចគ្រាប់កាំភ្លើង កូនប្រុសរបស់គាត់ញាំបានតែនុំប័ងមួយចំណិតតូចប៉ុណ្ណោះ និងទឹកពីរកែវ។ ប៉ុន្តែអ្វីគ្រប់យ៉ាងក៏ត្រូវអស់ ធ្វើឲ្យមនុស្សគ្រប់រូបធ្លាក់ក្នុងស្ថានភាពក្តីអស់សង្ឃឹម។
សង្គ្រាមនៅក្នុងប្រទេសស៊ីរីតើពេលណាទើបបញ្ចប់? ហេតុអ្វីបានជាថ្នាក់ដឹកនាំស៊ីរី និងក្រុមប្រឆាំងមិនខ្វាយខ្វល់ពីស្ថានភាពរស់នៅរបស់ពលរដ្ឋ ទុកឲ្យពលរដ្ឋស្លាប់អស់ទើបបញ្ចប់សង្គ្រាមឬ?
ក្រុមអ្នកឯកទេសវិភាគបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី មិនអាចរកឃើញទីបញ្ចប់នោះឡើយ ប្រសិនបើលោកអាល់អាសាដ នៅតែបន្ដកាន់អំណាចនោះ ហើយការវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋក៏មិនអាចបញ្ចប់ដូចគ្នាដែរ ។ បើលោក អាល់អាសាដ ចាកចេញពីតំណែងនោះសង្គ្រាមនឹងត្រូវបញ្ចប់ ហើយក្រុមIS ក៏ត្រូវរលាយបាត់ដូចគ្នា ។
ការព្យាករណ៍ពីដំណាក់កាលផ្តួលរលំរដ្ឋាភិបាលទីក្រុងដាម៉ាកាសដឹកនាំដោយ លោក អាល់អាសាដរបស់លោកខាងលិចមិនអាចក្លាយទៅជាការពិតនោះ ឡើយហើយរដ្ឋធានីរបស់ស៊ីរីមិនងាយដួលរលំដូចក្ដីស្រមើស្រមៃ ។ ដូច្នេះតើមូលហេតុអ្វីបានជាសង្គ្រាមនៅក្នុងប្រទេសស៊ីរីមិនអាចរកទីបញ្ចប់? មេដឹកនាំទាំងប៉ុន្មានដែលរងផលប៉ះពាល់ដោយបដិវត្ដន៍ផ្កាម្លិះបានចាកចេញពីតំណែងអស់ទៅហើយខ្លះត្រូវជាប់គុកឬបាត់បង់ជីវិតទៀតផង ។ ចុះចំណែកលោកអាល់អាសាដវិញមានអ្វីការពារបានជាអាចឈរយ៉ាងរឹងមាំបើទោះសង្គ្រាមស៊ីវិលរាុំរ៉ៃជាច្រើនឆ្នាំហើយក៏ដោយ ?
តំបន់ដែលរដ្ឋាភិបាស៊ីរីគ្រប់គ្រងពលរដ្ឋរស់នៅបានយ៉ាងសុខសាន្ដកម្លាំងទាហានលោក អាល់អាសាដ ដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលយ៉ាងស្ទាត់ជំនាញនូវការការពារទីក្រុងជាមួយនឹងសព្វាវុធ ទំនើបៗដែលទិញពីប្រទេសរុស្ស៊ី ។ ទាំងនោះហើយបានជាក្រុមបះបោរស៊ីរី បើទោះជាមានការគាំទ្រពីលោកខាងលិចក៏ពិបាកវាយលុករដ្ឋធានីទាំងនោះហើយបានធ្វើឱ្យលោក អាល់អាសាដ នៅតែបន្ដដឹកនាំស៊ីរីដដែល ។ មួយវិញទៀតកម្លាំងដែលការពាររដ្ឋធានីមានចិត្ដស្មោះត្រង់១០០ភាគរយទៅលើមេដឹកនាំរបស់ខ្លួនទាំងនោះហើយបានជាសត្រូវមិនអាចវាយលុកចូលបាន ។
នៅក្នុងតំបន់យុទ្ធសាស្ដ្រដែលក្រុមបះបោរអាចវាយលុកចូលរដ្ឋធានីបាននៅគឺតំបន់ជាយក្រុងJobar ហើយកម្លាំងទាហាន អាល់ អាសាដ ត្រូវការពារJobar ដោយសារតែទីនោះអាចការពារបេះដូងទីក្រុងដាម៉ាកាសបាន ។ ផ្ទះរបស់ប្រធានាធិបតី អាល់អាសាដ មានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីJobar ហើយប្រសិនបើធ្លាក់ចូលក្នុងដៃក្រុមបះបោរ នោះទាហានលោក អាល់ អាសាដ ពិបាកការពារទីក្រុង ។
ក៏ប៉ុន្ដែពលរដ្ឋស៊ីរីដែលរស់នៅទីក្រុងដាម៉ាកាសមានការត្អួញត្អែរថា ទីក្រុង នេះកាន់តែរួមតូចពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែសង្គ្រាមអូសបន្លាយរយៈពេល៤ឆ្នាំកន្លងមក ហើយតំបន់ជាយក្រុងត្រូវដាក់បម្រាមដល់ពលរដ្ឋហាមធ្វើដំណើរចុះឡើង។ការរួមតូចនោះធ្វើឱ្យទំនិញឡើងថ្លៃសេដ្ឋកិច្ចធ្លាក់ចុះ ជីវភាពពលរដ្ឋក្រីក្រ ។
កម្លាំងទាហានរបស់លោក អាល់ អាសាដ ទទួលរងបរាជ័យជាច្រើនលើកនៅក្នុងឆ្នាំនេះ ។ ខេត្ដ Idlib ជាខេត្ដនៅជិតរដ្ឋធានីបានធ្លាក់ចូលក្នុងដៃក្រុមបះ បោរកាលពីខែមីនា ។ចំណែកក្រុមអិស្លាមបង្កើតរដ្ឋក៏វាយប្រហារដណ្ដើមគ្រប់គ្រងទីក្រុងបុរាណ Palmyra កាលពីខែឧសភា។ប៉ុន្ដែទីក្រុងដាម៉ាកាសនៅតែឈររឹងមាំដោយសារតែមានការជួយអន្ដរគមន៍ពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងក្រុមហេបូឡាសនៅលីបង់ផងដែរ ។
រយៈពេលកន្លងមករុស្ស៊ីបានបង្កើនជំនួយយោធាចាំបាច់ដល់រដ្ឋាភិបាលស៊ីរី ។ចំណែកក្រុមហេបូឡាសក៏បានវាយប្រហារនៅតាមព្រំដែនលីបង់ទៅលើក្រុមបះបោរស៊ីរី ។ដោយឡែកអ៊ីរ៉ង់វិញក៏បានផ្តល់ជំនួយយោធានិងហិរញ្ញវត្ថុចាំបាច់ដល់ស៊ីរីផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី