ភ្នំពេញ៖ ថ្ងៃទី ៦ មករា ២០១៦៖ រាត្រីសមោសរខោនដោនដ៏កក្រើកស្វាគមន៍ឆ្នាំថ្មី ២០១៦ ត្រូវបានប្រារព្ធម្តងទៀតនៅសាលពិធី Grand Ballroom ក្នុងសណ្ឋាគារណាហ្គាវើល នៅថ្ងៃទី ៣១ ធ្នូ ២០១៥ ដែលមានភ្ញៀវជាង ៧០០ នាក់បានចូលរួម។
ណាហ្គាវើល បានអញ្ជើញកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូប រួមមានលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងកំពូលសិល្បករ-សិល្បការិនីជាច្រើនរូបទៀតដែលផ្គុំគ្នាផ្តល់នូវការសម្តែងដ៏កក្រើកពេញមួយរាត្រីឆ្លងឆ្នាំ។
ក្នុងពេលដំណាលគ្នានោះ ណាហ្គាវើល ក៏បានរៀបចំពិធីខោនដោនដ៏អស្ចារ្យជាមួយការសម្តែងដ៏ជក់ចិត្តនៅជាន់ផ្ទាល់ដីនៅក្លឹប Darlin Darlin និង F Club ផងដែរដែលអនុញ្ញាតឲ្យភ្ញៀវចូលរួមកម្សាន្តដោយសេរី។
នៅក្នុងរាត្រីដ៏ពិសេសនេះ យើងក៏បានណែនាំភោជនីយដ្ឋាន ២ គឺភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងភោជនីយដ្ឋានអន្តរជាតិ Pangea Fusion ដែលមានអាហារឈ្ងុយឆ្ងាញ់ដ៏សម្បូរបែបក្នុងតម្លៃ ៤៨ ដុល្លារ++ និង ៣៨ ដុល្លារ++ ។
អាហារពេលល្ងាចក្នុងរាត្រីសមោសរខោនដោនឆ្នាំថ្មី ២០១៦
គិតមកដល់ឆ្នាំនេះ ណាហ្គាវើល បានប្រារព្ធរាត្រីសមោសរខោនដោនជាលើកទី ៣ ហើយ។ ឆ្នាំនេះ មានការចូលរួមសម្តែងរបាំបុរាណពីកំពូលសិល្បករ-សិល្បការិនីប្រចាំព្រះរាជាណាចក្រកម្ពុជា និងអាយ៉ៃឆ្លើយឆ្លងបែបកំប្លែងខណៈរីករាយជាមួយអាហារពេលល្ងាចលំដាប់កំពូលដ៏ពិសេសក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ៤ ម៉ោង។
កំពូលពិធីករមហាសម្តីលោកសុខ គា និងអ្នកនាងយុគ ចិន្តា បានធ្វើជាពិធីករ-ពិធីការិនីក្នុងរាត្រីដ៏ពិសេសនេះ និងក៏មានការសម្តែងរបាំបុរាណ និងក្បាច់រាំបែបសម័យពីក្រុមរបាំបុរាណខ្មែរ និងភីលីពីនប្រចាំណាហ្គាវើលផងដែរ។ បន្ទាប់មក មានការសម្តែងពីកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា លោកនី រតនា អ្នកនាងម៉េង កែវពេជ្ជតា លោកវណ្ណា ស័ក្តិ អ្នកស្រីសួន ចន្ថា និងកញ្ញាសុគន្ធ នីសា។
ភ្ញៀវទាំងអស់ បានរីករាយកម្សាន្តជាមួយបទចម្រៀង និងការសម្តែងបែបសម័យ និងបុរាណ ព្រមទាំងទទួលនូវអារម្មណ៍ប្លែកពីក្រុមរាំ Sexy Movers ប្រចាំណាហ្គាវើល និងក្រុមសិល្បៈបុរាណ Khmer Arts ថែមទៀតផង។
រាត្រីសមោសរឆ្លងឆ្នាំដ៏កក្រើកនេះ មានពិធីជប់លៀងជាមួយអាហារពិសេសប្រចាំទ្វីបអាស៊ី ៧មុខ ដូចជាស៊ុបមាន់ជាមួយគ្រួចព្រៃវែង បង្កងទឹកសាបដុតជាមួយបឺរ និងសាច់គោចំឡកនាំចូលពីអាមេរិកជាមួយម្រេចកំពត។ យើងក៏មានត្រីទឹកកកចំហុយ សាច់ក្តាម និងផ្សិតជាមួយបាយឆាដែលមានការសំណូមពរពីភ្ញៀវផងដែរ។
ពិសេសជាងនេះទៅទៀត ក៏មានការចាប់រង្វាន់ធំចំនួន ១០ ផងដែរ មានដូចជារង្វាន់សម្រាប់ការស្នាក់នៅក្នុងបន្ទប់ប្រណីត ២ ថ្ងៃ ១យប់ចំនួន ៤ រង្វាន់ និងបណ្ណបញ្ចុះតម្លៃ ១០០ដុល្លារសម្រាប់ការញ៉ាំអាហារ និងភេសជ្ជៈចំនួន ៦ រង្វាន់។
បន្ថែមលើកម្មវិធីធំនៅសាលពិធី Grand Ballroom មានកម្មវិធីខោនដោនជាមួយការសម្តែងដ៏អស្ចារ្យនៅឆាកជាន់ផ្ទាល់ដី និងការរាំកម្សាន្តនៅក្លឹប Darlin Darlin និង F Club ។ ភ្ញៀវនៅភោជនីយដ្ឋាន Bistro Romano និង Pangea Fusion ត្រូវបានស្វាគមន៍ជាមួយអាហារពិសេសដើម្បីអបអរពិធីឆ្លងចូលឆ្នាំថ្មី ២០១៦ ផងដែរ ៕
ដោយ៖ ស ដារ៉ា