ចាប់ខ្លួនបុរសម្នាក់បង្កើតហ្វេសប៊ុកក្លែងដាក់ឈ្មោះអតីតប្រពន្ធប្រមាថថ្នាក់ដឹកនាំនិងព្រះមហាក្សត្រ

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យម្នាក់ ឈ្មោះ អាត់ អេង ឬ សេន អាត អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនក្នុងករណីបង្ហោះសារ តាមបណ្ដាញសង្គម Facebook គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ។
ប្រតិបត្តិការនេះធ្វើឡើងដោយនសហការជាមួយផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ជនសង្ស័យបានធ្វើសកម្មភាពបង្កើតហ្វ៊េសប៊ុកនិង Tiktok បង្ហោះរូបភាពតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេងៗ និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា ដោយអាក់ខោនក្លែងប្រើប្រាស់មធ្យោបាយទូរសព្ទដៃម៉ាក Vivo (Y5)ពណ៌ខៀវ ដែលមានគណនី ឈ្មោះដូចខាងក្រោម៖

*ទី១៖ ត្រាំងសិលា អង្គរធំភូមិប្រាសាទ
*ទី២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ
*ទី៣៖ គណនី Tiktok ឈ្មោះ សិលាសៀមរាប

ក្រោយសាកសួរសាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបាន បង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និងរូបថតអតីតប្រពន្ធរបស់ខ្លួន ដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

...

 

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print