ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនព័ត៌មានឱ្យដឹងថា ក្រសួងសម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នីមួយៗនៅវេលាម៉ោង ៩និង៣០នាទី ព្រឹកដើម្បីធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអោយដឹងនៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះ ថាក្រសួងសុខាភិបាល សម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងកិច្ចអន្តរាគមន៍ឆ្លើយតបជំងឺនេះ។
សន្និសីទនេះក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងបញ្ហាពាក់ព័ន្ធផ្សេងៗផងដែរ។
ការសម្រេចធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែមេសាឆ្នាំ២០២០៕ប្រាថ្នា