លោក ផុស សុវណ្ណ បរិច្ចាគប្រាក់បៀវត្ស៩០ម៉ឺនរៀល រយៈពេល៥ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន សម្រេចបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនមួយខែ ៩០ម៉ឺនរៀល រយៈពេល៥ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងលិខិតប្រកាសពីការបរិច្ចាគថវិកាផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា លោកបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០។

លោក ផុស សុវណ្ណ បានគូសបញ្ជាក់ក្នុងលិខិតនោះថា ការបរិច្ចាគនេះ ជាស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា ចំណែកប្រាក់បៀវត្សរបស់លោកជាចំនួនទឹកប្រាក់មួយតិចតួច តែជាស្មារតីនៃការចែករំលែក និងជាស្មារតីនៃការជួយគ្នារបស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងពេលជួបការលំបាក។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈមសម្រាប់កម្ពុជាបណ្តាលមកពីជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ រាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print