នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រជុំផ្សព្វផ្សាយដល់គ្រប់កងឯកភាពកងទ័ព អំពីការប្រកាសរបស់សម្តេចតេជោ ឲ្យមន្ត្រីរាជការ និងបុគ្គលិកឯកជន ផ្អាកឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអគ្គមេបញ្ជាការរង ផងនោះ បានប្រមូលផ្ដុំគ្រប់កងឯកភាព និងប្រភេទទ័ពជំនាញ ដើម្បីផ្សព្វផ្សាយប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតម្រូវឲ្យមន្ត្រីរាជការ និងបុគ្គលិកឯកជន ផ្អាកឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ។

តាមការរម្លឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៧មេសា ម្សិលមិញ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការប្រកាសសម្រចផ្អាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែររបស់សម្តេចតេជោ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ តែប្រជាពលរដ្ឋអាចរៀបចំពិធីទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួនបានជាធម្មតា។

ពាក់ព័ន្ធដល់កងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់រូប ត្រូវអប់រំយោធិនក្រោមឱវាទរបស់ខ្លួន ឲ្យគោរពអនុវត្តមុឺងម៉ាត់តាមប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល ហើយត្រូវត្រៀមនៅនឹងកន្លែងដើម្បីបង្កើនសកម្មភាពការងារឲ្យកាន់តែខ្ពស់ថែមទៀត ក្នុងនោះយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ព ហាមការចេញចូលគ្មានការអនុញ្ញាត លើកលែងតែក្នុងករណីពិសេសដែលមានធុរៈចាំបាច់ដែលអនុញ្ញាតឲ្យចេញក្រៅ ហើយពេលត្រឡប់មកវិញត្រូវដាក់ឲ្យរស់នៅក្នុងអគារដាច់ដោយឡែក៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print