ភ្នំពេញ៖ នៅក្នុងហ្វេសប៊ុករបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះថា សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមភ្លើងស្តុប ទីសាធារណៈ និងទីប្រជុំជននានា៦០០ កាមេរ៉ាបន្ថែមទៀត ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា សព្វថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញ មានបំពាក់កាមេរ៉ាសុវត្ថិភាពជាង២០០ កាមេរ៉ារួចហើយ។ ចាប់ពីពេលនេះតទៅយើងនឹងដំឡើងកាម៉េរ៉ា សុវត្ថិភាព ៦០០ កាមេរ៉ាបន្ថែមទៀត និងខិតខំឱ្យសម្រេចនៅឆមាសទី១ឆ្នាំនេះ។ យើងនឹងធ្វើការ ខិតខំទាំងអស់គ្នាដើម្បី កែប្រែការគ្រប់គ្រងប្រព័ន្ធ ចរាចរណ៍ និងភ្លើងបំភ្លឺក្នុងរាជធានីយើង ទៅជាការគ្រប់គ្រងដោយប្រព័ន្ធ IT»ឲ្យមានតម្លាភាព ។
ចំណែកតំណាងក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនទទួលដំឡើងកាម៉េរ៉ានេះ បានលើកឡើងថា ការបំពាក់កាម៉េរ៉ានេះ នឹងធ្វើឡើងនៅតាមច្រកសំខាន់ៗមួយចំនួន នៅក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន ខណ្ឌចំការមានត្រូវបំពាក់ កាម៉េរ៉ាសុវត្ថិភាពចំនួន១៤៧គ្រឿង ខណ្ឌដូនពេញ១១៦គ្រឿង ខណ្ឌ៧មករា ៧៥គ្រឿង ខណ្ឌទួលគោក៥៤គ្រឿង ខណ្ឌដង្កោ៨គ្រឿង ខណ្ឌមានជ័យ៥១គ្រឿង ខណ្ឌឬស្សីកែវ៥៣គ្រឿង ខណ្ឌសែនសុខ ២១គ្រឿង ខណ្ឌពោធិសែនជ័យ២២គ្រឿង ខណ្ឌជ្រោយចង្វា១៩គ្រឿង ខណ្ឌច្បារអំពៅ២៦គ្រឿង និងខណ្ឌព្រែកព្នៅ ៨គ្រឿង ។
ចំណែកមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារកំណើនប្រជាជន និងយានយន្តកាន់តែច្រើនឡើង ជាពិសេសនៅក្នុងរាជធានីភ្នំពេញបង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ និងនៅតាមផ្លូវមួយចំនួនបានអភិវឌ្ឍន៍ល្អស្អាត មិនទាន់បំពាក់ភ្លើងស្តុប ឬកាមេរ៉ាសុវត្ថិភាពនោះ ទើបថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញខិតខំបង្កើតគម្រោងនេះឡើងដោយសហការជាមួយអង្គការ ចៃកា ជប៉ុន ប្រយោជន៍រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាពិសេសកាត់បន្ថយគ្រោះចរាចរណ៍របស់ប្រជាពលរដ្ឋ៕
ដោយ៖ ប្រាថ្នា