ខេត្តបន្ទាយមានជ័យ៖ បុរសវ័យកណ្តាលម្នាក់ស្លាប់ចោលប្រពន្ធ និងកូន៤នាក់ដោយសារតែត្រូវជ្រូកបាខាំនៅម៉ោង៥ជិតភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នៅចំណុចស្តង់កាប់ជ្រូក ក្នុងភូមិគល់ស្ពាន១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រីសីុវ សុជាតិអធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម ធួន ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធមានឈ្មោះសៀង ពៅ អាយុ៤៦ឆ្នាំក្រុមគ្រួសារនេះមានកូនប្រុសស្រីដល់ទៅ៤នាក់ រស់នៅក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកសីុវ សុជាតិបានបញ្ជាក់ទៀតថា បុរសដែលជ្រូកខាំស្លាប់នោះកន្លងមកជាកម្មករសីុឈ្នួលកាប់ជ្រូកក្នុងស្តង់កាប់ជ្រូកអស់រយៈពេលជាង១៥ឆ្នាំកន្លងមកហើយដើម្បីយកលុយមកចិញ្ចឹមប្រពន្ធកូន។
លោកសីុវ សុជាតិបានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនរងគ្រោះបានទៅកាប់ជ្រូកក្នុងស្តង់ជាធម្មតាតែចង្រៃចៃដន់អ្វីស្រាប់តែមានជ្រូកមួយក្បាលបានខាំដៃរបស់គាត់ឈាមជោគពេញដៃ ក្រោយពេលជូតឈាមហើយបុរសនោះមិនបានទៅពេទ្យចាក់ថ្នាំបន្សាបពិសឡើយសំអាងថាជ្រូកខាំមិនជាអ្វី។ លុះចូលដល់ថ្ងៃទី១២ខែមករាឆ្នាំ២០១៦ស្រាប់តែបុរសនោះពិសជ្រូកធ្វើទុក្ខជ្រាបចូលក្នុងខ្លួនប្រកាច់ពេញផ្ទះពេលនោះក្រុមគ្រួសារបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យឯកជនតែគេអត់ទទួលព្យាបាលព្រោះសំអាងថាបុរសនេះគ្មនសង្ឈឹមរស់ដោយពិសជ្រូកជ្រាបពេញខ្លួន បន្ទាប់មកក្រុមគ្រួសារក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។ លុះនៅម៉ោង៧ល្ងាចដោយសារពេទ្យមិនអាចជួយសង្គ្រោះបានក៏ស្លាប់តែម្តង។
សពត្រូវបានប្រពន្ធដឹកយកមកផ្ទះលុះនៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០១៦ក្រុមគ្រួសារបានចាត់ចែងសពនោះធ្វើបុណ្យតាមប្រពៃណី។ នេះជារឿងមួយដែលប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចាប់អារម្មណ៍ពេលដែលមានករណីជ្រូកខាំត្រូវចាក់ថ្នាំបន្សាបជាបន្ទាន់ព្រោះពិសជ្រូកក៏ដូចឆ្កែដែរអាចស្លាប់បានដូចគ្នា៕
...
ដោយ៖ សំ វិច្ឆិកា