ខេត្ដសៀមរាប៖ ជនជាតិចិនដីគោកម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្ដចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីជនសង្ស័យប្រើលុយដុល្លាក្លែងក្លាយចំនួន៩៩សន្លឹក លុយខ្មោច២០០ដុល្លាទៅទិញទូរស័ព្ទនៅហាងលក់ទូរស័ព្ទដៃមួយក្នុងខេត្ដទេសចរណ៍។
ការចាប់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចជិតព្រះអង្គចេក ព្រះអង្គចម ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
លោក ហុង ប៊ុនហាវ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ដសៀមរាប បានឲ្យដឹងថា ករណីកើតឡើងបន្ទាប់ពីជនសង្ស័យរូបនោះ បានយកលុយដុល្លាក្លែងក្លាយជិត១ម៉ឺនដុល្លារ ទៅទិញទូរស័ព្ទដៃតម្លៃជិត១ពាន់ដុល្លានៅហាងលក់ទូរស័ព្ទដៃឈ្មោះហេងស្រ៊ុនក្នុងខេត្ដសៀមរាប។
លោកបានបន្ដថា ជនសង្ស័យនោះមានឈ្មោះ Lui Chang Jian អាយុ៤៥ឆ្នាំជាជនជាតិចិនដីគោក កាន់លិខិតឆ្លងដែនលេខ 005951ចុះថ្ងៃទី២៣ខែមិនា ឆ្នាំ២០១២។ លោកបានបន្ថែមថា សមត្ថកិច្ចបានឆែកឆេរឃើញលុយដុល្លាក្លែងក្លាយនៅជាប់ខ្លួនប្រភេទក្រដាស១០០ដុល្លា ចំនួន៩៩សន្លឹក ដែលស្មើជិត១ម៉ឺនដុល្លា និងប្រភេទលុយសែនចិនចំនួន២សន្លឹកទៀត ព្រមទាំងលុយមួយដុល្លាសុទ្ធចំនួន៤សន្លឹកថែមទៀត និងលុយចិនជាច្រើនទៀត។
លោក ហុង ប៊ុនហាវ បានឲ្យដឹងថា ជនសង្ស័យបានតាមការឆ្លើយសារភាពថាលុយដុល្លាក្លែងក្លាយទាំងនោះ ខ្លួនដូរមកពីប្រទេសចិន តាមមិត្ដភក្ដិរបស់ជនសង្ស័យ បានឆ្លងដែនមកទស្សនានៅកម្ពុជាតាមប្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី១០ខែករានេះ។
លោកបន្ថែមទៀតថា បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានឆែឆេរនៅសណ្ឋាគារ ប៉ារ៉ាឌីសអង្គរដែលមានទីតាំងនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម បានរកឃើញមានទូរស័ព្ទជាច្រើនគ្រឿងផងដែរ។
បន្ទាប់ពីសាកសួរពីកម្លាំងសមត្ថកិច្ច ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្ដសៀមរាប ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ នៅល្ងាចថ្ងៃទី១៣ខែមករានេះ ៕
ដោយ៖ ជានិរន្ដរ៍