ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ ដោយអាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់ថា រកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១០៨ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដោយក្នុងនោះមាន ៩៨ករណី ជាករណីនាំចូលពីក្រៅពីប្រទេស ខណៈ ១០ករណីផ្សេងទៀត ជាករណីឆ្លងក្នុងស្រុកតែម្តង ហើយវាត្រូវបានចាត់ទុកជាតួលេខខ្ពស់មួយ មិនធ្លាប់កើតមាននាប៉ុន្មានសប្តាហ៍កន្លងមក។
ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំង ១០ករណីខាងលើនេះ មាន ០៧ករណីត្រូវបានរាយការណ៍នៅខេត្តហៃឡុងជាំង (Heilongjiang) និង ០៣ករណីទៀតនៅខេត្តក្វាងទុង (Guangdong)។ ដោយឡែកសម្រាប់ករណីនាំចូលពីក្រៅប្រទេសវិញ បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗទាំង ៩៨ករណីខាងលើនេះ ដែលទើបតែបានរកឃើញកាលពីអាទិត្យម្សិលមិញនេះ គឺវាបានកើនដល់ ១,៣៧៨ករណីហើយនៃករណីនាំចូល COVID-19 មកក្នុងប្រទេសចិន។
តារយៈរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មការសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងទៀតថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ប្រទេសចិនមានអ្នកជំងឺ COVID-19 បានជាសះស្បើយឡើងវិញចំនួន ៨៨នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុប នៃអ្នកជាសះស្បើយបានកើនដល់ ៧៧,៦៦៣នាក់។ នៅក្នុងថ្ងៃជាមួយគ្នា អាជ្ញាធរចិនក៏បានរកឃើញអ្នកស្លាប់ចំនួន ០២នាក់ថ្មីទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ ៣,៣៤១នាក់ ក្នុងចំណោមករណីឆ្លងសរុប ៨២,១៦០ករណី។
និយាយជារួមសម្រាប់ថ្ងៃអាទិត្យ ទី១២ ខែមេសាម្សិលមិញ ចំនួនករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 បានហក់ឡើងបន្តិចមកវិញ ទាំងចំនួនករណីឆ្លងក្នុងស្រុក និងករណីនាំចូលពីក្រៅប្រទេស បើធៀបនឹងចំនួនករណីឆ្លង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលតែងតែស្ថិតនៅក្រោមខ្ទង់ ៥០ជានិច្ច៕
ដោយ៖ ស តារា