ខេត្តព្រះសីហនុ ៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះជាប់ៗគ្នាអស់ចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ
ហើយត្រូវសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីម្ចាស់ផ្ទះអុជទៀនធូបទទួលទេវតាមានការធ្វេសប្រហែស។
ឧបប្បត្តិហេតុដោយអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចខាងជើងឈៀងខាងកើតចំណុចវត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយពីគេទទួលទេវតាឆ្នាំថ្មី។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានឲ្យដឹងថា ម្ចាស់ផ្ទះបង្កឲ្យមានអគ្គិភ័យខាងលើនេះឈ្មោះ ម៉ិ លិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបិទស្រា រស់នៅភូមិ-ឃុំខាងលើ របួសស្រាលដោយរលាកភ្លើងហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
សមត្ថកិច្ចដដែលបានបន្តថា អគ្គិភ័យនេះខូចខាតសម្ភារៈរួមមាន រថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកប្រាក់, ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ 2019 និងសម្ភារៈមួយចំនួនធំទៀត។
ក្នុងពេលនោះដែរសមត្ថកិច្ចជំនាញបានចេញទៅធ្វើអន្តរាគមន៍ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់ទឹកចំនួន៤គ្រឿង ទើបរលត់ទៅវិញទាំងស្រុង។
យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា គឺបណ្ដាលមកពីម្ចាស់ផ្ទះដុតទៀនធូបសែនទទួលទេវតាឆ្នាំថ្មីមិនប្រុងប្រយ័ត្ន ៕ ប្រាថ្នា