ប្រទេសវៀតណាម៖ ជាច្រើនសប្តាហ៍កន្លងមក រដ្ឋធានីហាណូយ ប្រទេសវៀតណាម ស្ងាត់ឈឹងសូម្បីតែ រថយន្ត ម៉ូតូ ១គ្រឿង ក៏មិនឃើញបើកបរនៅលើដងផ្លូវនោះដែរ។ ប៉ុន្តែ នៅរសៀលថ្ងៃទី១៤ខែមេសា ពេលវេលាជិតផុតកំណត់ បម្រាមគោចរ មានរថយន្តជាច្រើនបានចាប់ផ្តើមធ្វើចរាចរណ៍ឡើងវិញ។
ក៏ប៉ុន្តែពលរដ្ឋទាំងអស់គឺត្រូវតែមានស្មារតីការពារជានិច្ច ពាក់ម៉ាស់ជាប្រចាំ អ្នកបំពាននឹងទទួលរងការផាកពិន័យដូចគ្នា។ ប៉ុន្តែនៅទីក្រុងជាច្រើនក្នុងប្រទេស វៀតណាម នៅតែបន្តបិទដដែល ពិសេសគឺតំបន់ដែលមានអ្នកឆ្លងកូវីដ-១៩។
ក្នុងអំឡុងពេលនៃការបិទទីក្រុង កាត់ផ្តាច់សង្គម មានសកម្មភាពមនុស្សធម៌ ជាច្រើន បានកើតឡើងនៅក្នុងប្រទេសនេះ។ ក្នុងនោះមានការចែកចាយ ម្ហូបចំណី អាហារជាដើម ។ ក្នុងចំណោមសកម្មភាពមនុស្សធម៌ មានការចែកអង្ករតាមរយៈ ទូ ATMអង្ករ ដល់អ្នកក្រីក្រ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ សហគ្រិនវៀតណាម បានបង្កើតម៉ាស៊ីនចែកអង្ករ ដើម្បីផ្តល់អង្ករដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងជនគ្មានការងារធ្វើ ក្នុងអំឡុងពេលបិទប្រទេស ក្នុងគោលបំណងប្រយុទ្ធប្រឆាំងCOVID-19។
វៀតណាមមានករណីឆ្លង COVID-19 សរុបជាង២៦០ករណី អ្នកជាសះស្បើយ ១៤៤ករណី និងមិនមានករណីស្លាប់។ ដើម្បីទប់ស្កាត់ការរីកសាយភាពកូរ៉ូណាវីរុស វៀតណាមប្រកាសបិទប្រទេសទាំងមូល ដោយឲ្យប្រជាជននៅតែក្នុងផ្ទះ តាំងពីថ្ងៃទី៣១ ខែមីនាមកម្លេះ។ ការបិទប្រទេសនេះ គឺធ្វើឡើងរយៈពេល ១៥ថ្ងៃ គឺត្រូវបញ្ចប់នៅថ្ងៃទី ១៤ខែមេសានេះ៕
ដោយ៖ ធី រីណា