ពិភពលោកកំពុងប្រឈមវិបត្តិវិស័យសុខាភិបាល បង្កឡើងដោយកូវីដ-១៩ហើយប្រទេសនៅលើពិភពលោកបានរួបរួមគ្នាដើម្បីទប់ស្កាត់ឲ្យបានលឿនបំផុត ដោយចំណាយប្រាក់ជាច្រើន នៅលើវិស័យស្រាវជ្រាវសុខាភិបាល ដើម្បីផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។ អង្គការសុខភាពពិភពលោកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពទប់ស្កាត់។
ប៉ុន្តែនៅពេលនេះប្រទេសមហាអំណាចទីមួយនៅលើពិភពលោក បែជាប្រកាសឈប់ផ្តល់ជំនួយ ដល់អង្គការសុខភាពកំពូលមួយនេះ ធ្វើឲ្យ ប្រទេសទាំងអស់នៅលើពិភពលោក ខឹងសម្បាយ៉ាងខ្លាំង ដល់ទង្វើមិនសមហេតុផលរបស់មហាអំណាចអាមេរិក ក្នុងពេលមនុស្សជាតិលើផែនដីកំពុងរងគ្រោះ។
ចរិតនយោបាយពិតរបស់អាមេរិកបានបង្ហាញយ៉ាងច្បាស់នៅពេលនេះ គឺពេលពិភពលោកកំពុងតែជួបវិបត្តិ។ កន្លងមក លោកត្រាំបានប្រកាសកាត់បន្ថយជំនួយដល់អង្គការសហប្រជាជាតិ និងដកអាមេរិកចេញពី អង្គការកំពូលៗរបស់ពិភពលោក ដែលមិនគាំទ្រអាមេរិក។
ប៉ុន្តែក្នុងករណីឈប់ជំនួយដល់អង្គការសុខភាពពិភពលោកនាពេលនេះនឹងធ្វើឲ្យកិត្តិយស ឥទ្ធិពល របស់អាមេរិក ត្រូវបាត់បង់។ បើគ្មានជំនួយពីអាមេរិក ក៏មានប្រទេសជាច្រើនផ្តល់ជំនួយដល់អង្គការនេះដែរ តែអាមេរិកត្រូវអស់តម្លៃនាពេលនេះ។
សារព័ត៌មានរុស្ស៊ី TASSនៅថ្ងៃទី១៥ខែមេសាបានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីបានប្រកាសគាំទ្រពេញទំហឹងដល់ ការខិតខំរបស់អង្គការសុខភាពពិភពលោកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ ក្រោយលោកត្រាំប្រកាសលុបជំនួយភ្លាម អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីគាំទ្រទាំងស្រុងដល់យុទ្ធសាស្ត្រប្រឆំាងកូវីដ របស់WHO តាំងពីចុងឆ្នាំ២០១៩ មកទល់ពេលនេះ និងបន្តទៅមុខទៀត។
ក្រៅពីរុស្ស៊ី ប្រទេសនៅជុំវិញពិភពលោក ក៏បានបង្ហាញការគាំទ្រដល់ស្ថានប័នកំពូលស្តីពីសុខភាពមួយនេះផងដែរ ដោយរយៈពេលកន្លងមក WHO បានជួយដល់មនុស្សជាច្រើន ឲ្យមានសុខភាពល្អ រួចផុតពីជងឺរាតត្បាតផ្សេងៗ។
រដ្ឋាភិបាលចិនមិនបានវិភាគអ្វីច្រើននោះឡើយដោយគ្រាន់តែលើកឡើងថាអាមេរិក មិនគួធ្វើបែបនេះឡើយ ក្នុងពេលកំពុងមានវិបត្តិ។
មនុស្សមួយចំនួនបានលើកឡើងថា អាមេរិកមិនសមជាបិតាពិភពលោកឡើយ ដោយក្នុងពេលអង្គការសុខភាពពិភពលោកប្រឈមកង្វះថវិការសម្រាប់ទប់ស្កាត់កូវីដ ១៩ អាមេរិក បែរជាឈប់ជួយនៅពេលនេះទៅវិញ។ នៅថ្ងៃក្រោយពេលកូវីដ១៩រលាយបាត់ទៅ បើទោះបីអាមេរិក ចំណាយប្រាក់រាប់សិបពាន់លានដុល្លារក៏គ្មានន័យដែរ៕