ប្រទេសបារាំង៖ គិតដល់ថ្ងៃទី១៦ ខែមេសានេះ បារាំងឈានដល់កម្រិតកំពូលហើយ នៃចំនួនអ្នកស្លាប់ដោយកូវីដ-១៩ គឺមានរហូតដល់ទៅ១៤៣៤នាក់។ ក្រសួងសុខាភិបាល ប្រទេសបារាំង បានប្រកាសថា ចំនួនអ្នកស្លាប់ ដោយសារតែ កូវីដ-១៩ នៅក្នុងប្រទេសនេះ បានកើនឡើងដល់ចំណុចកំពូលហើយ។
សារព័ត៌មាន france24 នៅថ្ងៃទី១៦ខែមេសា បានបានដកស្រង់ព័ត៌មានពីក្រសួងសុខាភិបាលបារាំង បញ្ជាក់ថា៖ អ្នកបាត់បង់ជីវិតកើនឡើង ១ ៤៣៤នាក់ ធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 កើនសរុប ១៧ ១៦៧ នាក់ នៅប្រទេសបារាំង។
លោក Jerome Salomon មន្ត្រីក្រសួងសុខាភិបាលប្រទេសបារាំង បានថ្លែងថា៖ ការឆ្លងរាតត្បាតនៅក្នុងប្រទេស ហាក់នៅតែមានចំនួនខ្ពស់ ។ ដូច្នេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋបារាំងត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ចាក់សោរ ឬបិទប្រទេសតាមបញ្ជារបស់រដ្ឋាភិបាល។ លោកថា៖ តួលេខបានកើនឡើង បន្ទាប់ពីពិធីបុណ្យបីថ្ងៃ កាលពីចុងសប្តាហ៍មុន គឺពិធីបុណ្យ Easter។
គួរបញ្ជាក់ថា៖ វីរុស COVID-19 រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឆ្លងពាសពេញពិភពលោក នៅលើ ដែនដី និងប្រទេស សរុប២៣៤ ។ វាបានឆ្លងលើមនុស្សសរុប ២ ០៥៦ ០៥៥ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៣៣ ៥៧២ នាក់ និង ៥១១ ០១៩ នាក់ជាសៈស្បើយ។
បើយោងតាមប្រភព Wikipedia បន្តទៀតថា៖ សហរដ្ឋអាមេរិក ជាប្រទេសមានអ្នកឆ្លងវីរុសនេះច្រើនជាងគេបំផុត គឺមានអ្នកឆ្លង៦៤១ ៧២៦ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨ ៣៩០ នាក់ និង ៥២ ១៩៦នាក់ ជាសះស្បើយ ។ ចំណែកបារាំងវិញ មានអ្នកឆ្លង COVID-19 សរុប ១០៦ ២០៦ នាក់ ក្នុងនោះបាត់បង់ជីវិត ១៧ ១៦៧ នាក់ និងជាសះស្បើយ ៣០ ៩៥៥នាក់៕
ដោយ៖ ធី រីណា