ខេត្តសៀមរាប៖ ឈើក្រញូងចំនួន៤ដើម ដែលដុះក្នុងតំបន់ឧទ្យានអង្គរត្រូវបានជនមិនស្គាល់មុខលួចកាប់យកទៅបាត់ដោយសុវត្ថិភាព គ្មានតម្រុយអ្វីសូម្បីបន្តិច។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែមេសា ឆ្នាំ២០២០ថា ៖ ដើមឈើក្រញូង ដែលត្រូវគេលួចកាប់ទាំង៤ដើមនេះ ដុះនៅក្នុងព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
ទោះយ៉ាងណាជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីនៅមិនទាន់រកមុខ អ្នកប្រព្រឹត្តបទល្មើសឃើញនៅឡើយទេ។ ដោយគេគ្រាន់តែសន្និដ្ឋានថា ដើមឈើក្រញូងនេះត្រូវជនសង្ស័យលួចកាប់ប្រហែល៥ថ្ងៃមកហើយ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានផ្ដល់បទសម្ភាសន៍តាមទូស័ព្ទនៅល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ថា ៖ ករណីជនល្មើសលួចកាប់ក្រញូងនៅក្នុងតំបន់ព្រៃឧទ្យានអង្គរនោះ គឺរយៈពេល៣ទៅ៤ថ្ងៃហើយ ដែលក្រញូង ទាំងនោះសុទ្ធសឹងតែជាកូនដើមតូចៗមានមុខកាត់ត្រឹមតែ១តឹកទៅ២តឹកលើសតែប៉ុណ្ណោះ! ចំពោះរឿងនេះដែរខាងអាជ្ញាធរអប្សរាបានសហការជាមួយអាជ្ញាធរមូលដ្នានស្រាវជ្រាវរកជនល្មើសដើម្បីចាត់ការតាមច្បាប់ តែមកដល់ពេលនេះមិនទាន់មានតម្រុយនៅឡើយ៕
ដោយ៖ ប៊ុនរិទ្ធី