ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានហូរឈាមជោក ពេញខ្លួន ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអា.ក ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែមសាឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុក អូរជ្រៅ សែស វិបុល ប្រាប់ថា៖ បុរសរងគ្រោះជាប្តីឈ្មោះ គុជ អាយុ ៤១ឆ្នាំ និងជនដៃដល់ជាប្រពន្ធឈ្មោះទឹម ម៉ៅ អាយុ៣២ឆ្នាំ ។គ្រួសារនេះ រស់នៅភូមិនៅភូមិកើតហេតុខាងលើ ។
លោកបញ្ជាក់ថា៖ នៅយប់កើតហេតុ បុរសជាប្តីកំពុងផឹកស្រា រាំលេងសប្បាយជាមួយអ្នកភូមិ នៅពេលកំពុងអង្គុយផឹកសប្បាយៗស្រាប់តែស្ត្រីជាប្រពន្ធបានដើរទៅជិតប្តីហើយចាប់ទាញស្លឹកត្រចៀក ពេលនោះប្តីស្មានតែប្រពន្ធ ចាប់ទាញស្លឹកត្រចៀកក្នុងន័យខ្នាញ់ចង់ថើបក៏អោនក្បាលលេងជាមួយប្រពន្ធ ទៅស្រាប់តែស្ត្រីជាប្រពន្ធអា.កនិងផ្លែឡាម បណ្តាលឲ្យចេញឈាមជោកពេញខ្លួនដួលសន្លប់នៅនឹងកន្លែង ត្រូវបានអ្នកភូមិ ដឹកបញ្ជូនទៅមណ្ឌលសុខភាពអូរបីជាន់ដើម្បីជួយសង្រ្គោះ តែដោយឈាមហូរខ្លាំងពេកបុគ្គលិកមណ្ឌល បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ចំណែកស្ត្រីជាប្រពន្ធត្រូវកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំអូរបីជាន់ ឃាត់ខ្លួនដើម្បីសួរនាំ។
លោកអធិការបានបន្តថា៖ តាមការសាកសួរចម្លើយ ស្ត្រីជាប្រពន្ធ បានសារភាពថា ចំពោះបញ្ហាខ្លួនយកផ្លែឡាមអា.កប្តីនោះ ក៏ព្រោះតែខ្លួនស្រវឹងស្រា ហើយប្រចណ្ឌប្តី រួមទាំងគ្មានលុយផងនោះ ក៏មានចិត្តខឹងនឹងប្តី ។ បច្ចុប្បន្នជនសង្ស័យជាប្រពន្ធ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ នីម វណ្ណា