ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន បានត្រៀមបន្ទប់ប្រមាណ២០០បន្ទប់ ដើម្បីត្រៀមទុកដាក់បងប្អូនកម្មករ ដែលត្រឡប់មកពីស្រុកកំណើត ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺ COVID-19 និងកំពុងបន្តផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋធ្វើអនាម័យ និងថែទាំសុខភាពជាប្រចាំ ដើម្បីចៀសផុតពីជំងឺឆ្លងនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ បានបន្តចុះចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយពីវិធានការ ស្តីពីការបង្ការ ជំងឺ COVID-19 តាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក និងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
លោក ថេង សុថុល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង ណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយ ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាង ពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លង COVID-19 ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
វិធានការទាំងនោះ រួមមាន៖
១~ត្រូវលាងដៃនិងសាប៊ូទឹកស្អាត ឬទឹកអាល់កុល ឲ្យបានញឹកញាប់។
២~នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។
៣~ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។
៤~ត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។
៥~ចំពោះអ្នកទើបត្រឡប់មកពីស្រុក ត្រូវរាយការណ៍មកអាជ្ញាធរ ដើម្បីណែនាំឲ្យគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ ។ បើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួនត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បាបញ្ជាក់ថា អំណោយដែលយកមកផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសាររួមមាន៖ អង្គរ ១បាវ, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខ, ស្ករស, ទឹកដោះគោខាប់ និងមីផងដែរ ។