ភ្នំពេញៈ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ២០២០ លោក រស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោក រស់ សុភក្តិ អភិបាលរងខណ្ឌនិងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១ បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។
លោកប្រធានក្រុមការងារ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះ ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។
ជាមួយគ្នានេះដែរលោកប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅ១ រួមនិងលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ១ បានចែកជូនសំភារះមួយចំនួនដល់ប្រជាលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ក្នុង១គ្រួសារៗទទួលបាន អង្ករ១០គីឡូ ទឹកត្រី១ដប ទឹកសុីអុីវ១ដប អំបិល១កញ្ចប់ ស្ករស១កញ្ចប់ ទឹកលាងដៃ១ដប និងថវិកា១០,០០០រៀល សំរាប់ប្រេីប្រាស់ក្នុងរយះពេលប្រយុទ្ធប្រឆាំង និង បង្ការទប់ស្កាត់ជំងឺកូវិដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាពប្រជាពលរដ្ឋជាសកល ។ ក្នុងនោះក្រុមការងារក៍បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព និងមានអនាមយ័ក្នុងការរស់នៅជាប្រចាំ។
បន្ថែមពីនេះទៀតប្រធានក្រុមការងារ ក៍បានណែនាំឲ្យបងប្អូនទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារយើង មានជីវភាព កាន់តែប្រសើរឡើង ៕ សណ្តោស