កម្មករនេសាទម្នាក់ហែលទឹកសមុទ្រ៧ថ្ងៃទាំងដៃជាប់ខ្នោះគេចពីសមត្ថកិច្ចថៃព្រោះគ្មានលិខិតឆ្លងដែន

ចែករំលែក៖

ខេត្តកោះកុង ៖ ​​ បុរសខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃខេត្តត្រាត ឆ្លើយប្រាប់មកភាគីកម្ពុជានាថ្ងៃ១៦ខែមេសានេះថា បុរស​ដែល​រត់ពីដីថៃ​ទាំងដៃជាប់ខ្នោះគឺ​មិនមាន​​​ជាប់​ពាក់ព័ន្ធ​​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយនោះទេ​ ប៉ុន្តែ​​គាត់​មាន​បញ្ហា​រឿង​​គ្មាន​ឯកសារស្នាក់នៅ និងលិខិត​​ឆ្លងដែន​ត្រឹមត្រូវ ទើបភាគីថៃចាប់ខ្លួន។
លោក​វរសេនីយ៍ត្រី ម៉​ម ភឿ​ង អធិការរង​ស្រុក​បុ​ទុម​សាគរ ​បានឲ្យដឹងថា បុរសនេះឈ្មោះ​រស់ រឿ​ន ​អាយុ៣៤ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ មានស្រុកកំណើតនៅភូមិ ឃុំ​ ស្រុក តាំងគោក ខេត្តកំពង់ធំ បានរត់ចេញពីខេត្តត្រាតប្រទេសថៃមកដល់ខេត្តកោះកុងជាខេត្តមានព្រំប្រទល់ជាប់គ្នាក្នុងថ្ងៃទី១៦ខែមេសានេះ។បច្ចុប្បន្ន​ បុរសរូបនេះ​កំពុង​សម្រាក​នៅ​ដាច់​ដោយ​ឡែករយៈ១៤ថ្ងៃសិន ដើម្បី​តាមដានពីសុខភាព​ខ្លាចមាន​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូវីដ​-19 ។ ​

បើតាមបុរសឈ្មោះរស់ រឿនខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថាគាត់ចូល​ទៅ​កាន់​ទឹកដី​ថៃ​ តាម​ច្រក​ឡែ​ម​ខេត្ត​បាត់ដំបង ក្នុង​គោលបំណង​ចូល​ទៅ​ស៊ីឈ្នួលនេសាទត្រី លើ​ដែនសមុទ្រ​ថៃ ​ក្នុង​ខេត្ត​ត្រាត​ ដែល​មានព្រំ​ប្រទល់​​​ជាប់​ជាមួយនឹង​ខេត្តកោះកុង ។ នៅ​ក្នុងអំឡុងពេល​ដែល​ខ្លួន​បាន​ចុះ​ទៅ​ធ្វើការ​នេសាទ​ត្រី​រយៈពេល១ខែ ខ្លួនក៏មានបញ្ហាឈ្លោះទាស់ទែងគ្នារវាងកម្មករខ្មែរនិង​កម្មករ​ខ្មែរ​ដូច​គ្នា​នៅ​លើ​ទូកនេ​សាទ ​ហើយ​ក៏​ត្រូវ​បាន​ថៅកែ​ទូក​នេ​សាទ បណ្ដេញចេញ​ឲ្យឡើងមកលើគោកវិញ ។
គាត់រៀបរាប់ទៀតថាក្រោយថៅកែទូកបណ្តេញចេញគាត់គ្មានគោលដៅពិតប្រាកដនិងពុំមានលិខិតឆ្លងដែនត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍នោះទេ ។ នៅ​ក្នុង​ការ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​ក្នុង​ទឹកដី​ថៃ ត្រូវ​បានតម្រួត​ថៃចាប់​ឃាត់​សួរនាំ ដើម្បី​រក​លិខិត​ឆ្លង​ដែន តែ​​គាត់​​ប្រាប់​សមត្ថកិច្ច​ថៃ​ថា គាត់ចូលមកទឹកដីថៃនេះ ដោយ​មាន​ថៅកែ​ថៃ​ជា​អ្នក​យក​មក​ធ្វើការ​នេ​សាទ​ត្រី​នៅ​ខេត្ត​ត្រា​ត ដោយ​ពុំ​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ។ពេលនោះតម្រួតថៃ ធ្វើការចាប់ឃាត់ខ្លួនគាត់ដាក់ខ្នោះដៃតែម្តង។ ​
បុរសឈ្មោះ រស់ រឿ​ន បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ពេល​ដែល​តម្រួត​ថៃ​​ដឹក​ខ្លួន​តាម​រថយន្ត​មក​ដល់ពាក់​កណ្ដាល​ផ្លូវ ហើយ​តម្រួត​ថៃ​ក៏​ចុះ​បត់ជើងតូច ដោយ​ឃើញ​ឱកាសល្អ គាត់សម្រេចចិត្តលោតចុះពីលើរថយន្តរត់កាត់ព្រៃ ទាំងដៃជាប់ខ្នោះដើម្បីឲ្យរួចខ្លួនពីការចាប់ដាក់ពន្ធនាគារនៅក្នុង​ទឹកដី​ថៃ​ ។ នៅ​ក្នុង​ការ​រត់គេច​ខ្លួន​នោះ​ ដែរគាត់បានហែលទឹកសមុទ្រចំនួន៧ថ្ងៃ ​ដោយ​មាន​ប៊ីដុងទឹកមួយគ្រាន់នឹងបណ្ដែតខ្លួន តាមរលកហើយ​ក៏​គ្មាន​អាហារ​សម្រាប់​ទទួលទាន​នៅ​ក្នុង​ពេល​ហែល​ទឹក​នោះ​ដែរ ។ លុះ​ហែល​ទឹក​មក​ដល់​ចំណុច​កោះ​ឆាង ​ក្នុង​ទឹកដី​ខេត្ត​ត្រា​ត ​ព្រំដែន​កម្ពុជា-​ថៃ ខ្លួន​ក៏​បាន​ឡើង​លើគោកឆ្លង​ចូល​មក​ដីកម្ពុជា តាម​ព្រៃ​រត់​មក​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ស្រុក​មណ្ឌល​សីមា ​និង​សមត្ថកិច្ច​នគរបាល​ស្រុក​មណ្ឌល​សីមា​ជួយតែម្តង ​។
ក្នុងករណីនេះ​​ដែរលោក​ប្រាក់​ វិចិត្រ អភិបាលស្រុក​មណ្ឌល​សីមា ក៏បានឲ្យដឹងថា ​ក្រោយ​ពី​បាន​ទទួលការ​ស្នើ​សុំ​ឲ្យ​ជួយ​ពី​សំណាក់​ពលករ​ ដែល​រត់​ឆ្លង​ដែន​ពី​ទឹកដី​ថៃ​ចូល​មក​កម្ពុជា​វិញ​នោះ លោក​ក៏​បាន​សហការ​ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​មណ្ឌល​សីមា ហើយ​ក៏​បាន​កាត់ខ្នោះដៃចេញព្រមទាំងនាំ​ខ្លួនបុរស​រង​គ្រោះ​ខាងលើទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បីរង់ចាំការពិនិត្យនិងសាកសួររឿងជាបន្តទៀត​មុននឹងបញ្ជូនវិលត្រឡប់ទៅស្រុកកំណើតវិញ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print