ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿនគេចពីម៉ូតូកង់បីបានជ្រុលចង្កូតទៅបុករះម៉ូតូកង់បី និងរថយន្តដែលចតនៅលើចិញ្ចើមផ្លូវខូចខាតអស់ ៥គ្រឿង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខមន្ទីរពហុព្យាបាល និងសម្ភពវិបុលសុខតាមបណ្ដោយផ្លូវលេខ
២១៧ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក NISSAN FRONTIER ពណ៌ប្រផេះ ពាក់ផ្លាកលេខតាកែវ2A-2361 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីស្តុបនាងគង្ហីងឆ្ពោះទៅស្តុបអាងទឹកអូឡាំពិក យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានគេចពីម៉ូតូកង់បី ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវរុញឡើងខឿនទៅបុករថយន្ត lexus ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2I-8488 ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ ចំណែកឯម៉ូតូកង់បីឥណ្ឌាបានរងការខូចខាតក្រពឹតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។
រថយន្តបង្កនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុករថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពហុព្យាបាល និងសម្ភពវិបុលសុខ ពាក់ផ្លាកលេខ ភ្នំពេញ2H-7964 ដែលកំពុងឈប់ចតស្ងៀមរុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា កាមារីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2X-8212 រួចក៏រុញបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហាយឡាក់រីវ៉ូរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-4859 បណ្ដាលឲ្យក្រពឹតផ្នែកខាងក្រោយចំហៀងខាងស្តាំ។ និងបណ្តាលឲ្យរថយន្តកាម័រីបាលែននិងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពហុព្យាបាលនិងសម្ភពវិបុលសុខរងការខូចខាត។
បើតាមសម្តីពីបុរសជាអ្នកបើកបររថយន្តបង្កបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តចេញមកពីផ្ទះនៅឯព្រែកព្នៅបំណងបើកទៅផ្ទះបងប្អូន នៅឯទួលទំពូងដោយបានផឹកស្រាអស់បន្តិចបន្តួចផងដែរ លុះពេលដែលបើកមកដល់ចំណុចកើតក៏បានអក់ហ្សើនិងម៉ូតូកង់បីមួយគ្រឿងដែលកំពុងបើកនៅខាងមុខ។ភ្លាមៗនោះគាត់ក៏បានកាច់ចង្កូតរថយន្តទៅខាងស្តាំដោយខ្វះការប្រុងប្រយ័ត្នក៏បណ្តាលឲ្យកើតជាគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះតែម្ដង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរផ្លូវគោកចុះមកវាស់វែងស្ទូចយករថយន្ត និងម៉ូតូកង់បី យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ