បន្លំខ្លួនធ្វើជាប៉ូលិស បាញ់រះសម្លាប់មនុស្សជាច្រើននៅកាណាដា

ចែករំលែក៖

បន្លំខ្លួនស្លៀកឯកសណ្ឋានប៉ូលិស តុបតែងរថយន្តដូចទៅនឹងរថយន្តប៉ូលិស បាញ់រះសម្លាប់មនុស្សជាច្រើនក្នុងប្រវត្តិសាស្ត្រកាណាដាមិនធ្លាប់មានចាប់តាំងពីខែធ្នូឆ្នាំ១៩៨៩មក។ ការបាញ់ប្រហារធ្វើឡើងនៅខេត្ត Nova Scotia ប្រទេស កាណាដា អូសបន្លាយរយៈពេល១២ម៉ោង។
ការបាញ់ប្រហារនោះបណ្តាលឲ្យមនុស្សស្លាប់ ១៣នាក់ ប្រភពព័ត៌មានផ្សេងទៀតថាស្លាប់ដល់ទៅ១៧នាក់ ក្នុងនោះមានប៉ូលិសម្នាក់។ សារព័ត៌មាន AP នៅថ្ងៃទី២០ ខែមេសា បញ្ជាក់ថា ឃាតកបានស្លាប់ផងដែរ នៅពេលក្រោយមក ហើយមូលហេតុនៃការបាញ់ប្រហារសម្លាប់រង្គាលនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេត ។
ការបាញ់ប្រហារធ្វើឡើងនៅទីក្រុងជនបទ Portapique មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ នាភាគខាងជើងទីក្រុង Halifax ប្រទេសកាណាដា ។ តំបន់ទាំងនោះស្ថិតនៅក្រោមគោលការណ៍ណែនាំរបស់ប៉ូលិស តម្រូវឲ្យប្រជាជន ស្ថិតនៅក្នុងផ្ទះ នៅពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ។ ប៉ូលិសបញ្ជាក់ថា លំនៅឋានច្រើនខ្នង នៅក្នុងតំបន់ ក៏ត្រូវភ្លើងឆេះផងដែរ ។
ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា ជនបាញ់ប្រហារឈ្មោះ Gabriel Wortman អាយុ៥១ឆ្នាំ ដែលកាលពីមុនធ្លាប់រស់នៅក្នុងសហគមន៍ Portapique ខេត្ត Nova Scotia ។ ប៉ូលិសបញ្ជាក់ថា ខ្មាន់កាំភ្លើងបានបន្លំខ្លួនធ្វើជាប៉ូលិសមួយរូប និងតូបតែងរថយន្តរបស់ខ្លួនដូចទៅនឹងរថយន្តរបស់កងកម្លាំងប៉ូលិសកាណាដា។
លោក Daniel Brien អ្នកនាំពាក្យកងកម្លាំងប៉ូលិស បានបញ្ជាក់ថា មនុស្ស១៣នាក់បានស្លាប់ ហើយថា នេះជាករណីបាញ់សម្លាប់ដ៏រង្គាលបំផុតនៅកាណាដាក្នុងរយៈពេល៣០ឆ្នាំ ។
ដោយឡែក សារព័ត៌មាន The Guardian នៅព្រឹកថ្ងៃទី២០ខែមេសា បានផ្សាយថា មានមនុស្ស ១៧នាក់ស្លាប់ ក្នុងនោះមានប៉ូលិសស្រីម្នាក់ឈ្មោះ Heidi Stevenson ។ ប៉ុន្តែតួលេខនៃអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយមានអ្នករងរបួសជាច្រើនផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print