ខេត្តកំពង់ឆ្នាំង ៖ គំនរសម្រាមជាច្រើននៅតាមផ្ទះប្រជាពលរដ្ឋនានាក្នុងក្រុងកំពង់ឆ្នាំងបាន បញ្ចេញក្លិនស្អុយអសោចន៍ និង រុយរោមជាច្រើន បន្ទាប់ពីក្រុមហ៊ុនម៉ៅការប្រមូលសម្រាមនៅក្រុងកំពង់ឆ្នាំង បានអាក់ខានក្នុងការប្រមួលសម្រាមអស់រយៈពេលជាងកន្លះខែមកហើយ ។
ប្រជាពលរដ្ឋនៅក្រុង-ខេត្តកំពង់ឆ្នាំង ស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា ៖ សម្រាមដែលនៅគរមុខផ្ទះរបស់គាត់នេះ គឺបានគរទុករង់ចាំរថយន្តប្រមូលសម្រាមជាងកន្លះខែមកហើយ តាំងពីមុនបុណ្យចូលឆ្នាំខ្មែរមកម្លេះ គឺពីសម្រាមនៅតិច រហូតមកដល់ពេលនេះគំនរសម្រាមកាន់តែច្រើនទៅៗ តែពុំឃើញមានឡានសម្រាមមកយកនោះទេ ។ ប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ នាពេលនេះសម្រាមចាប់ផ្តើមរលួយហូរទឹកស្អុយជះក្លិននិងរុយច្រើនណាស់ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ។
ប្រជាពលរដ្ឋបានសំណូមពរអោយក្រុមហ៊ុនប្រមូលសំរាមនៅក្រុងកំពង់ឆ្នាំង មេត្តារូតរៈ មកប្រមូលសម្រាមផង ព្រោះពេលនេះមិនអាចទុកនៅយូរទៀតបានទេ ។
ពាក់ព័ន្ធជុំវិញការរិៈគន់ប្រជាពលរដ្ឋលើបញ្ហាមិនប្រមូលសម្រាមនេះ មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមម៉ៅការប្រមូលសម្រាមបានទេនាព្រឹកថ្ងៃទី២០ ខែមេសានេះ ដោយទូរស័ព្ទមិនអាចទាក់ទងបាន៕
ដោយ៖ ចន្ថា