អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៣ខែមេសា បានប្រកាសថា លោកបានបញ្ជា ឲ្យកម្លាំងទាហានជើងទឹកអាមេរិក បាញ់ប្រហារទៅលើ នាវាចម្បាំងតូចៗរបស់អ៊ីរ៉ង់ ប្រសិនបើ ចូលទៅរំខានដល់នាវាចម្បាំងរបស់អាមេរិក នៅដែនសមុទ្រជិតប្រទេសអ៊ីរ៉ង់នោះ។
សារព័ត៌មាន sputnik នៅថ្ងៃទី២៣ ខែមេសា បានផ្សាយថា ៖ រដ្ឋលេខាធិការក្រសួងការពារជាតិ លោក David Norquist បានបញ្ជាក់ថា«ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដល់អ៊ីរ៉ង់ ថា៖ នឹងបាញ់ពន្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់ ប្រសិនបើរំខានដល់នាវាចម្បាំងរបស់យើង នោះជាសិទ្ធការពារសុវត្ថិភាព។
ការប្រកាសរបស់លោកត្រាំ ក្រោយពេល កងកម្លាំងជើងទឹកអាមេរិកបានលើកឡើងថា ៖ នាវាល្បឿនលឿនអ៊ីរ៉ង់បានចូលជិតចំណុចគ្រោះថ្នាក់ នៃវានាពិឃាតរបស់អាមេរិក កំពុងល្បាតនៅតំបន់ឈូងសមុទ្រ ពែក្ស ( Persian) ។ កាលពីថ្ងៃទី១៥ ខែមេសា យោធាអាមេរិកបានរាយការណ៍ថា ក្រុមនាវាល្បឿនលឿនអ៊ីរ៉ង់ចំនួន១១គ្រឿងបំពាក់អាវុធ ដែលមកពីកងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានយាយីគំរាមកំហែងនាវាចម្បាំងអាមេរិក ដែលស្ថិតនៅលើដែនសមុទ្រ ពែក្ស ។
ជាមួយគ្នានេះ អ្នកនាំពាក្យមួយរូបរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឆ្លើយតបការថ្លែងរបស់ប្រធានាធិបតីអាមេរិក ដោយណែនាំទីក្រុងវ៉ាស៊ីនតោន ឲ្យផ្តោតយកចិត្តទុកដាក់លើការរក្សាកងកម្លាំងយោធារបស់ខ្លួនពីការឆ្លងរាតត្បាតពីមេរោគកូវីដ១៩ នោះជំនួសវិញ ។ អ្នកនាំពាក្យនិយាយថា «ថ្ងៃនេះ ជំនួសឲ្យការសម្លុតគំរាមកំហែងដទៃផ្សេងទៀត អាមេរិក គួរតែខិតខំឲ្យអស់ពីលទ្ធភាព សង្គ្រោះចំនួនកងកម្លាំងរបស់ខ្លួនដែលឆ្លងវីរុស Covid-19នោះទៅ»៕
ដោយ៖ ធី រីណា