ភ្នំពេញ៖ ខណៈដែលពិភពលោកទាំងមូលកំពុងតែខ្វាយខ្វល់ ក្នុងស្ថានភាពទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩នោះ ជាបណ្ដោះអាសន្ន សម្រាប់កីឡាតេក្វាន់ដូ WT(World Taekwondo) បានជ្រើសរើសយកការហ្វឹកហាត់តាមប្រព័ន្ធអនឡាញន៍ ។
លោក ឆយ យ៉ុងសុក(Choi Yong Sok)ដែលជាគ្រូជម្រើសជាតិធំរបស់កម្ពុជា បានបញ្ជាក់ថា យើងគ្មានជម្រើសណាដែលល្អជាងនេះទេ ។ ចង់ ឬមិនចង់ យើងត្រូវតែបង្ខំចិត្តជ្រើសរើសវិធីនេះដើម្បីហ្វឹកហាត់ ។ ព្រោះបច្ចុប្បនេះសូម្បីតែសាលាមធ្យមសិក្សា ក៏សិក្សាតាមប្រព័ន្ធអនឡាញន៍ដែរ ។
លោក ឆយ យ៉ុងសុក បន្តថា ជំងឺកូវីដ-១៩ វារាតត្បាតពេញពិភពលោកធ្វើឲ្យសកម្មភាពកីឡាទូទាំងពិភពលោកត្រូវផ្អាក ឬ លើកពេលវេលាប្រកួត តែបើវារាតត្បាតតែផ្នែកខ្លះ នៃពិភពលោកវិញនោះ ប្រទេសដែលមិនរងគ្រោះគេនៅតែធ្វើសកម្មភាពកីឡា រីឯប្រទេសដែលរងគ្រោះនឹងត្រូវផ្អាកគ្រប់សកម្មភាពសង្គមទាំងអស់ ។
ការបង្ហាត់ពីចម្ងាយ ការបញ្ជាពីចម្ងាយ ការកែលម្អកំហុសឆ្គងពីចម្ងាយ វាជារឿងលំបាកណាស់។ចំពោះកីឡាឈុតធំដែលមានខ្សែក្រវាត់ខ្ពស់ៗវាមិនសូវជាចោទជាបញ្ហានោះទេ តែសម្រាប់កីឡាថ្នាលដែលជាកីឡាករកីឡាការិនីក្មេងៗការប្រើប្រព័ន្ធអនឡាញន៍ ដើម្បីផ្ដល់នូវអ្វីៗដែលថ្មីដល់ពួកគេពិតជាលំបាក។
ចំពោះការហ្វឹកហាត់ទៀតសោត ទាំងកីឡាករ កីឡាការិនី ត្រូវតែមានភាពស្មោះត្រង់ជាមួយគ្រូបង្វឹក ត្រូវតែមានឆន្ទៈជាអត្តពលិកពិតៗ កុំហាត់អាងតែគ្មានគ្រូនៅក្បែរ បែរជាហាត់បន្តិចៗ ហើយសម្រាក ឬហាត់មិនអស់ពីកម្លាំងកាយចិត្ត នោះគុណផល(Performance)របស់ពួកគេ នឹងធ្លាក់ចុះ ពិបាកស្ដារឡើងវិញហើយ។
លោកឆយ យ៉ុងសុក បានបន្តថា ឆ្នាំនេះ កម្មវិធីនានានៅក្រៅប្រទេសមិនមានឡើយ គឺមានតែការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ដែលត្រូវលើកពេលទៅឆ្នាំក្រោយទៅហើយនោះ។ គ្រូបង្វឹករូបនេះបានបង្ហាញពីជំនឿចិត្តចំពោះកីឡាករ កីឡាការិនី ដែលធ្លាប់ដណ្ដើមបានមេដាយថា ពួកគេពិតជាហ្វឹកហាត់តាមការណែនាំរបស់គ្រូ ព្រមទាំងហ្វឹកហាត់គ្រប់ម៉ោងដែលគ្រូបានដាក់ឲ្យ។
បច្ចុប្បន្ន កីឡាករ កីឡាការិនីតេក្វាន់ដូជម្រើសជាតិ សម្រាប់ថ្នាល មានជាង១០រូប និង ឈុតធំជាង១០រូបដែរ។ វាមិនមែនជារឿងសាមញ្ញនោះទេ នៅពេលដែលយើងត្រូវប្រើប្រាស់ប្រព័ន្ធអនឡាញន៍ ដើម្បីតាមដានការហ្វឹកហាត់របស់ពួកគេនោះ៕ស តារា